(ភ្នំពេញ)៖ ដោយមើលឃើញពីការខិតខំបំពេញការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកំពស់វិស័យសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ឥណទានជាបន្តបន្ទាប់ដោយអត្រាការប្រាក់អនុគ្រោះដល់ប្រជាកសិករ ដល់សហគមន៍កសិកម្ម និងការគាំទ្រ និងលើកកំពស់ការចញ្ចឹមសត្វ ការផលិត និងដាំដុះបន្លែសរីរាង្គជាដើមនោះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក Hadad Moran អគ្គនាយកនៃមូលនិធិឆាកា (Chaka Foundation) និងតំណាងក្រុមហ៊ុន Link International បានស្នើសុំជួបប្រជុំភាក្សាការងារជាមួយលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ។

តាមរយៈនៃជំនួបពិភាក្សានេះ តំណាងភាគីក្រុមហ៊ុន Link International ដោយទទួលបានការគាំទ្រពីមូលនិធិឆាកា (Chaka Foundation) បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទក្នុងការជួយជំរុញ និងធ្វើការណែនាំអំពីសហគមន៍កសិកម្មដែលកំពុងដាំដុះម្រេច សូត្រ ឬបន្លែសរីរាង្គ ជាដើម។ ល។ ដែលបានបំពេញតាមស្តង់ដារក្នុងការដាំដុះមកកាន់ក្រុមហ៊ុន Link International ដោយក្នុងនោះក្រុមហ៊ុននឹងសន្យាធ្វើការផ្សារភ្ជាប់ទីផ្សារជូនរវាងសហគមន៍ផលិត ទៅកាន់អ្នកទទួលទិញធំៗនៅក្នុងសហគមន៍អឺរ៉ុប និងទៅកាន់ទីផ្សារពិភពលោក។

ជាមួយបទពិសោធន៍រយៈពេល៥ឆ្នាំលើការងារទីផ្សារផលិតផលកសិកម្ម ក្រុមហ៊ុនមានភាពជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុនខ្លួនលើទឹកដីកម្ពុជានឹងជួយបង្កើនការងារ និងធ្វើឲ្យផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅលើទីផ្សារពិភពលោក។

លោក កៅ ថាច ក្នុងនាមអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានទទួលយកសំណើរទាំងនោះ និងបានថ្លៃងអំណរគុណដល់មូលនិធិឆាកា និងតំណាងក្រុមហ៊ុនដែលបានស្នើសុំចូលរួមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកំពស់វិស័យ SME និងផលិតផលកសិកម្មនៅកម្ពុជា៕