(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តន៍ការងារត្រីមាសទី២ និងផ្សព្វផ្សាយអនុសាសន៍ចង្អុលការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ឡូញ សារូ អភិបាលរង ស្រុកព្រៃឈរ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរង ទទួលដឹកនាំការងារស្រុកស្ទឹងត្រង់ លោក លោកស្រី នាយ នាយរងការិយាល័យពាក់ព័ន្ធ លោកអធិការ អធិការរង ដល់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចំការលើ លោកនាយ នាយរងប៉ុស្ដិ៍ រហូតដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ផងដែរ។
ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានឡើងអានរបាយការណ៍បូកសរុបសភាពការណ៍លទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងការអនុវត្តការងារនគរបាល និងសហគមន៍ របស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកិច្ចពិភាក្សាតម្រូវឲ្យលោកអធិការរងជំនាញ ទទួលការងារពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឡើងធ្វើបទអន្តរាគមន៍ អំពីវិធានការណ៍បង្ការទប់ស្កាត់បទល្មើស (ព្រហ្មទណ្ឌ, គ្រឿងញៀន, ប្រឆាំងការជួញដូរមនុស្ស, ល្បែងស៊ីសង, បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការងារអត្តសញ្ញាណកម្ម) ការអនុវត្តការងារនគរបាល និងសហគមន៍ (ការប្រើប្រាស់ទម្រង់ទាំង៤) កិច្ចសហការល្អ ជា មួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ប្រជាការពារ និងបញ្ហាប្រឈម។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវក្តោបក្តាប់ស្ថានភាព ភូមិសាស្រ្ត គ្រប់គ្រងកម្លាំង និងស្ថានភាពប៉ុស្តិ៍ សភាពការណ៍សន្តិសុខសង្គម និងកិច្ចប្រតិបត្តិការ ការគ្រប់គ្រងមុខសញ្ញា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ការបង្រ្កាបការរុករាន ធនធានធម្មជាតិ។
លើសពីនេះ ត្រូវចាត់វិធានការបង្រ្កាបបទល្មើសជលផល ការងារអន្តោប្រវេសន៍ ការងារអត្តសញ្ញាណកម្ម បញ្ហាប្រឈមត្រូវធ្វើការដោះស្រាយ និងមានកិច្ចសហការល្អ ជាមួយថ្នាក់លើ ជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត និងបំពេញភារកិច្ច
ដែលថ្នាក់លើប្រគល់ជូនឲ្យបានសម្រេចជោគជ័យ៕