(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេរបស់កម្ពុជា ដែលទទួលបាននូវគោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំ និងចំណាស់ជាងគេនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់ និងទទួល នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យប៉េកាំង ពេលអញ្ជើញមកដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានការ ធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុង សាកលវិទ្យាល័យប៉េកាំងជាច្រើនរូប។
នៅក្នុងពិធីទទួល និងបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង មុនពិធីប្រគល់គោរមងារ សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចពីសាកលវិទ្យាល័យប៉េកាំង។
ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន ក្នុងការរំលត់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ ការស្វែងរកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ការទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជាង ២ទសវត្សរ៍ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព យ៉ាងពេញលេញ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ ថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៉េកាំង សូមសំដែងនូវការសប្បាយរីករាយ ជូនចំពោះសម្តេចតេជោ ដែលបាន ឆ្លើយតបនិងទទួលយកនូវគោរមងារ សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលជានិច្ចកាល តែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តី ក៏ដូចជាប្រទេស និងប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។ ថ្នាក់ដឹកនាំក្រសួងអប់រំ និថក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានលើកឡើងថា កន្លងមកសាកលវិទ្យាល័យប៉េកាំង បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងពង្រឹងចំណងមិត្តភាព ជាមួយកម្ពុជា ក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំង បានចុះហត្ថលេខាជាមួយរាជបណ្ឌិតសភាកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
បន្ទាប់មក ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញជូនគោរមងារកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលិខិតបញ្ជាក់ផ្លូវការរបស់សាកលវិទ្យា ល័យ និងសញ្ញាសំគាល់របស់សាកលវិទ្យាល័យ ដោយបានចាត់ទុកថា ពីថ្ងៃនេះតទៅសម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាសាស្រ្តាចារ្យកិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង។
ផ្នែកមួយ នៃការជូនគោរមងារនេះដែរ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅនិងខ្សែ ក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បានចូលរួមគាំទ្រ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នោះ។
នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនោះដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានក្នុងពិធីប្រគល់ និងទទួលគោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសាកលវិទ្យាល័យប៉េកាំង បាន អញ្ជើញនាំបាច់ផ្កា ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ច នៃការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្រ្គាមរ៉ាំរ៉ៃ ការស្វែងរកដំណោះស្រាយសន្តិភាព ការបញ្ចប់សង្រ្គាមទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេច និងដំណើរការ នៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេ រហូតកម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រៅ ពិសេសការធ្វើទំនាក់ទំនងកិច្ច សហប្រតិបត្តិការដោយស្មើសិទ្ធ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជាមួយ និងបណ្តាប្រទេសទាំងអស់លើ សកលលោក។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួងអប់រំ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញបើករបាំងស្បែដើម្បីជានិម្មិត រូប នៃពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជា របស់រាជបណ្ឌិតសភាកម្ពុជា ដែល ឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំង៕