(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាល ភ្នាក់ងារវាយតម្លៃហានិភ័យធានារ៉ាប់រងអូស្ត្រាលី (AICLA) បារៀបចំសន្និសីទមួយស្ដីពីសំណងធានារ៉ាប់រងនៅអាស៊ីឆ្នាំ២០១៩ (Asian Claims Convention 2019) នេះជាសន្និសីទលើកទី៨ស្តីពី សំណងធានារ៉ាប់រងនៅអាស៊ី និងជាលើកដំបូងដែលប្រារព្ធនៅកម្ពុជា។

សន្និសីទស្ដីពី សំណងធានារ៉ាប់រងនៅអាស៊ីឆ្នាំ២០១៩រៀបចំឡើងក្រោមការចូលរួមពី លោកបណ្ឌិត ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកចូលរួមពីបណ្ដាប្រទេសជាច្រើន។

សន្និសីទនេះពិតជាផ្ដល់ឱកាសល្អសម្រាប់ អ្នកឯកទេសផ្នែកសំណងធានារ៉ាប់រង ក្នុងការចូលរួមចែករំលែកក៏ដូចជាស្វែងយល់ពី និន្នាការ និងការវិវត្តចុងក្រោយបំផុតក្នុងវិស័ធានារ៉ាប់រង។ សមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញក្តីរីករាយជាខ្លាំងក្នុងនាមជាដៃគូជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ហើយទទួលស្គាល់អត្ថប្រយោជន៍ នៃវិស័យធានារ៉ាប់រងដ៏រឹងមាំ សម្រាប់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច។

វិស័យធានារ៉ាប់រងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ការពារហានិភ័យដល់គម្រោង និងអាជីវកម្មដែលកំពុងរីកចម្រើនព្រោះ ផ្តល់ការការពារដល់អ្នកវិនិយោគ។ វិស័យធានារ៉ាប់រងក៏ផ្តល់ឱកាសការងារ និងគ្របដណ្តប់លើផ្នែកចេញបណ្ណធានារ៉ាប់រង ជើងសារធានារ៉ាប់រង និងការវាយតម្លៃហានិភ័យធានារ៉ាប់រង។

លោក Jaye Kumar ប្រធាន AICLA ឲ្យដឹងថា ACC ជាវិទ្យាស្ថានតែមួយគត់ដែលផ្តល់វិជ្ជាជីវៈ យ៉ាងទូលំទូលាយផ្នែកដោះស្រាយសំណង ក្នុងឧស្សាហកម្មធានារ៉ាប់រងរួមមាន៖ ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនធានារ៉ាប់រងបន្តជើងសារធានារ៉ាប់រង, ក្រុមមេធាវី, អ្នកព្រឹក្សាយោបល់ និងអ្នកផ្គត់ផ្គង់ មកពីទីតាំងភូមិសាស្ត្រជាច្រើន។

ក្នុងនោះសន្និសីទគណៈប្រតិភូបានចូលរួម ចែករំលែកបទពិសោធន៍ ទស្សនៈវិស័យទូទៅផ្សេងៗ និងការធ្វើសំណង់ដោយផ្តោតសំខាន់ លើការគ្រប់គ្រងសំណងក្នុងប្រទេសរបស់ពួកគេ។

លោកបណ្ឌិត ម៉ី វ៉ាន់ បានសម្ដែងការកោតសរសើរចំពោះការរៀបចំព្រឹត្តិការណ៍ស្តីពី សំណងធានារ៉ាប់រងនៅអាស៊ីនេះ ដោយលោកបានចូលរួមធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តដ៏ល្អបំផុតក្នុងការគ្រប់គ្រងសំណង និងផ្តល់វេទិការ សម្រាប់ភាគីដែលពាក់ពន្ធ័ ដើម្បីពិនិត្យលើបញ្ហាប្រឈមដែលកំពុងកើតឡើង សម្រាប់ការធ្វើសំណងធានារ៉ាប់រង។

លោកសង្កត់ធ្ងន់ថា ការដោះស្រាយសំណងកំពុងក្លាយជាមូលដ្ឋានយុទ្ធសាស្រ្ត ដ៏មានប្រជាប្រិយភាពព្រោះ ជាមុខងារមួយក្នុងចំណោមមុខងារអាជីវកម្មដ៏ល្អបំផុត ដើម្បីផ្តល់ជូនបទពិសោធន៍ដ៏អស្ចារ្យ ដល់អតិថិជនដែលញាំងឲ្យទទួលបានទំនុកចិត្ត ពីសាធារណៈជនកាន់តែខ្លាំងឡើង។

លោកគូសបញ្ជាក់ពី សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមទាបនៅក្នុងឆ្នាំ២០១៥។ ទន្ទឹមនេះទីផ្សារធានារ៉ាប់រងកម្ពុជា នៅបន្តកើនឡើងក្នុងឆ្នាំ២០១៨ ដែលបុព្វលាភធានារ៉ាប់រងសរុបពី ធានារ៉ាប់រងទូទៅ, ធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូចមានចំនួន១,៩៦៤លានដុល្លារអាមេរិក កើនឡើង៣០%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧៕