(ភ្នំពេញ)៖ រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងខេត្តកំពត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។

ចំពោះការដាក់ឲ្យដំណើរការនៅថ្ងៃនេះ លោកបណ្ឌិត ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានគណៈកម្មការផែនការវិនយោគ កសិកម្ម អភិវឌ្ឌន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា រួមជាមួយអភិបាលខេត្តកំពត លោក ជាវ តាយ និងមន្រ្តីពាក់ព័ន្ធ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់នៅរោងចក្រ។ ក្រុមហ៊ុននេះ មានឈ្មោះ 3 PLE Farm មានទីតាំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងភូមិឈើទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត។

នៅក្នុងឱកាសនោះលោក ជា វណ្ណដេត បានកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដាអនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកការផលិត និងចែកចាយផលិតផលរបស់ខ្លួន នៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។

ក្រុមហ៊ុន 3PLe Farm Co. Ltd. ជាក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា ហើយទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ និងសត្តឃាតដ្ឋានទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧។

បច្ចុប្បន្ន ក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមមាន់មានសមត្ថភាពផ្ទុកមាន់បានចំនួន ៣៥០០០ក្បាល និងផលិតមាន់បានចំនួនប្រមាណ ១,៥លានមាន់ ក្នុងមួយឆ្នាំ ដែលគ្របដណ្ដប់លើដីទំហំ ៨ហិកតា នៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ក្រុមហ៊ុននឹងកសាងកសិដ្ឋានមួយបន្ថែមទៀត នៅចុងឆ្នាំ២០១៩នេះ។

រោងចក្រកែច្នៃ វេចខ្ចប់សាច់មាន់ មានសមត្ថភាពផលិតរហូតដល់ ១៥០០ក្បាល ក្នុងមួយម៉ោង ហើយអគារនេះមានទំហំ ៣០០០ម៉ែត្រក្រឡា ស្ថិតនៅលើដីទំហំ២ហិកតា ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រំពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ក្នុងគោលបំណងផលិតសាច់មាន់ ដែលមានគុណភាពខ្ពស់ អនាម័យ និងមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទទួលទាន។

ក្រុមហ៊ុននាំមុខគេ និងចូលរួមលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសកសិដ្ឋានចិញ្ចឹមមាន់ និងសត្តឃាតដ្ឋាន ស្តង់ដារអន្តរជាតិ ស្របតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់ក្រសួងការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រោងចក្រកែច្នៃនេះ យកតាមស្តង់ដារអឺរ៉ុប និងស្តង់ដារអាមេរិក ប្រកបដោយគុណភាព និងស្របតាមនីតិវិធីអនុវត្តយ៉ាងតឹងរ៉ឹងស្តីពី ជីវសុវត្ថិភាព និងអនាម័យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។

លោក អ៊ុន ប៊ុនថុល នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងថា «យើងទទួលបានការគាំទ្រយ៉ាងពេញលេញពីដៃគូអ៊ឺរ៉ុប និងអាស៊ី ទាំងបច្ចេកទេស និងការគ្រប់គ្រង ដោយមានក្រុមអ្នកពិគ្រោះយោបល់ផ្នែកផលិតម្ហូបអាហារជាន់ខ្ពស់ជួយជ្រោមជ្រែង។ គ្រឿងចក្រ និងឧបករណ៍កែច្នៃទាំងអស់ គឺជាបច្ចេកវិទ្យាចុងក្រោយបំផុត មកពីប្រទេសដាណឺម៉ាក គឺខ្សែងចង្វាក់ល្អទី២ នៅក្នុងពិភពលោក និងលើកទី១ នៅអាស៊ី»។ សុខុមាលភាពសត្វ គឺមាន់ត្រូវបានគេយកចិត្តទុកដាក់ ដោយការសម្លាប់មិនមានអំពើឃោរឃៅឡើយ។

លោកថា និយោជក កម្មករ និយោជិត និងបុគ្គលិកបច្ចេកទេសទាំងអស់ ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ ពីសំណាក់អ្នកជំនាញខាងម្ហូបអាហារ ដែលទទួលបានវិញ្ញាបនប័ត្រ និងក្រុមគាំទ្របច្ចេកទេសមកពីប្រទេសនូវែលសេឡង់ ដោយក្រុមហ៊ុន ដែលមានឈ្មោះថា Biggs Food Consultancy Ltd. Linco Machineries from Demark និង Asia។

រោងចក្រផ្តល់អាទិភាព ក្នុងការជ្រើសរើសកម្មករពីភូមិជិតខាង និង ៧០ភាគរយ ជាស្ត្រី ដើម្បីបង្កើនសមភាពយែនឌ័រនៅក្នុងសហគមន៍។ បុគ្គលិកប្រមាណ ១៥០នាក់ នៅគ្រប់ផ្នែកទាំងអស់ (បុគ្គលិកទ្រទ្រង់បច្ចេកទេសខ្មែរ និងបរទេស)។ សុខុមាលភាពរបស់និយោជិត គឺផ្តល់ជូននូវការធានារ៉ាប់រងផ្នែកសុខភាពដោយឥតគិតថ្លៃ មាន អាហារ ២ពេលក្នុងមួយថ្ងៃ និងមានកន្លែងស្នាក់នៅសមរម្យ ព្រមទាំងមានប្រាក់ឈ្នួលខ្ពស់ផងដែរ។ ចំណែកអគារទាំងអស់ ត្រូវបានរចនាឡើងដោយក្រុមអ្នកពិគ្រោះយោបល់វិស្វកម្ម និងអ្នកឯកទេសមកពីទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី៕