(សៀមរាប)៖ នៅក្នុងសិក្ខាសាលាស្ដីពី ការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងកាត្រៀមអនុវត្តប្រកាស ស្ដីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានរៀបចំនៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ ក្នុងអធិបតីភាពរបស់លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប និងលោក ហេង សុខណាង អគ្គនាយករងដ្ឋានពន្ធដារ។
លោក ហេង សុខណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧបសម្ព័ន្ធ ស្តីពីការបែងចែក ភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានកំពុងអនុវត្តជិត ១០ឆ្នាំមកនេះ ដើមី្បឲ្យស្របតាមការ រីកចម្រើនខាងវិស័យអចលនទ្រព្យ នៅកម្ពុជា នាពេលបច្ចុប្បន្ន។
ក្នុងនោះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានចេញប្រកាស (ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ កក្កដា ឆ្នាំ ២០១៩នេះ ដើមី្បពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ដែលជាចំណូលថវិកាថ្នាក់ក្រោមជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងការអនុវត្តប្រកាសនេះ ទាំងក្នុងគោលដៅឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិនៃខេត្តសៀមរាប និង អង្គភាពជំនាញពាក់ព័ន្ធ ត្រូវជួយធ្វើការផ្សព្វផ្សាយបន្ត និងផ្តល់សេវាជូនអ្នកជាប់ពន្ធ ក៏ដូចជា ប្រជាពលរដ្ឋឲ្យកាន់ តែល្អប្រសើរឡើង។
លោកក៏បានបញ្ជាក់ផងដែរថា ក្នុងងឆ្នាំ២០១៨ ខេត្តសៀមរាប ទទួលបានចំណូលពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនប្រមាណ ៣៦ប៊ីលានរៀល ស្មើប្រមាណ ៩លានដុល្លារ លើចំនួន អចលនទ្រព្យប្រមាណ ១១ពាន់ ១៨៤មូលដ្ឋាន។
បន្ទាប់ពីទទួលបានការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងក៏បានពិនិត្យកែសម្រួលឧបសម្ព័ន្ធ និងកោះប្រជុំអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យខេត្ត ដើមី្បពិនិត្យ ដោយកំណត់យក តម្លៃថ្មីមិនលើសពី ៧០% នៃតម្លៃទីផ្សារជាក់ស្តែង ហើយក្នុងការធ្វើបច្ចុប្បន្នភាពតម្លៃ មានការកែសម្រួលភូមិសាស្ត្រ និង បន្ថែម ឬកែសម្រួលកំណត់ផ្លូវមេ តំបន់អភិវឌ្ឍន៍ ឬបុរីដែលទើបកើតថ្មី និងទីប្រជុំជន ដើមី្បងាយស្រួលក្នុងការអនុវត្ត និងកាត់បន្ថយកម្រិតលម្អៀងតម្លៃ សំដៅធានាបាននូវសមធម៌។
ក្នុងនោះដែរលោក ហេង សុខណាង បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដែលមានការពាក់ព័ន្ធទៅនឹងការបង់ពន្ធប្រថាប់ត្រា និង ការផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ព្រមទាំងធ្វើការផ្តាំផ្ញើ ដល់មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវបន្តលើកកម្ពស់កិច្ចសហការ ក្នុងការជម្រុញកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ សំខាន់ ចំពោះ ម្ចាស់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ឲ្យចូលទៅបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធ និងពង្រឹងកិច្ចសហការប្រមូលពន្ធ ដែលជាគុណប្រយោជន៍ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអស់សក្តានុពល ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើអចលនទ្រព្យជាដើម និង ត្រូវលើកទឹកចិត្តឲ្យកម្មសិទ្ធិករ អ្នកកាន់កាប់អចលនទ្រព្យក្នុងមូលដ្ឋាន បានបំពេញកាតព្វ កិច្ចបង់ពន្ធបានទាន់ពេលវេលា។
ម៉្យាងទៀតមន្ត្រីពន្ធដារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌មន្ត្រីពន្ធដារ ក្នុងការពង្រឹងការផ្តល់សេវាកាន់ តែល្អជូនប្រជាពលរដ្ឋ និងផ្លាស់ប្តូរផ្នត់គំនិតមន្ត្រីរាជការ ពីការត្រួតត្រា ទៅអ្នកផ្តល់សេវា បម្រើប្រជាពលរដ្ឋ គឺធ្វើបាន ធ្វើឲ្យលឿន និងមានតម្លាភាព៕