(ពោធិ៍សាត់)៖ បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្ត លំហាច នៅខេត្តកំពង់ឆ្នាំង រួចមក នាថ្ងៃថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារជាថ្នាក់ដឹកនាំក្រសួង អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបន្តដំណើរចុះទៅពិនិត្យ៖

*ទី១៖ ការធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹក ដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់ អំពិល ស្ថិតក្នុងសង្កាត់លលក ស ក្រុងពោធិ៍សាត់
*ទី២៖ ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ ក្នុងស្រុកភ្នំក្រវាញ នៅខេត្តពោធិ៍សាត់។

សូមជម្រាបថា គម្រោងធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹកដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ចំនួនប្រមាណ ១,៥០លានដុល្លារ សម្រាប់រយៈពេល ០២ឆ្នាំ (២០១៨-២០១៩) និងបច្ចុប្បន្នការងារសម្រេចបាន ៩០ភាគរយ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ក្រោមប្រាក់កម្ចី និងជំនួយឥតសំណង ចំនួន ៤៧.៧លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវអនុវត្តរយៈពេល ០៣ឆ្នាំ (២០១៧-២០១៩) ហើយរហូតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ៣០ភាគរយ។ គម្រោងនេះ ពេលសាងសង់ រួចមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន ១៦ ១០០ហិកតា នៅរដូវវស្សា និងចំនួន ៥០០០ហិកតា នៅរដូវប្រាំង។

នៅពេលចុះពិនិត្យទីតាំងគម្រោងខាងលើ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបានរហូតមកដល់ពេលនេះ និងបានណែនាំលើលក្ខណៈបច្ចេកទេស ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងលើគុណភាពសំណង់ដែលកំពុងសាងសង់ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងទៅមុខ៕