(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បាននាំគ្នាប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីឧកញ៉ា ជា រិទ្ធី បានបញ្ជាឲ្យកម្មករនាំគ្នាយកដុំថ្ម មកតម្រួតគរលើគ្នា និងកាប់មែកឈើមកដាក់តម្រៀបនៅលើទ្រូងផ្លូវខាងក្រៅរបងរបស់ខ្លួន ទំនងចង់បានជាកម្មសិទ្ធិហើយមើលទៅ។
ហេតុការណ៍នេះ បង្កឲ្យមានទំនាស់ពាក្យសំដីគ្នា និងមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៣០នាទី ព្រឹថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ភ្នាក់ងារព័ត៌មាន Fresh News បានទទួលព័ត៌មានថា បន្ទាប់ពីអ្នកភូមិម្នាក់បានទៅកាប់រានព្រៃដុតស្មៅសំអាតនៅក្រៅរបងដីរបស់លោកឧកញ៉ា ជា រិទ្ធី ដើម្បីគ្រោងរៀបចំកម្មវិធី ឡើងគេហដ្ឋានថ្មី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាប់តែលោកឧកញ៉ា ជា រិទ្ធី និងកូនប្រុស ចេញមកបញ្ជាឲ្យកម្មករដឹកដុំថ្ម យកមកតម្រៀបគរគ្នា ព្រមទាំងកាប់មែកឈើមកដាក់ ឃាំងចូលទ្រូងផ្លូវសាធារណៈទៅវិញ ប្រហែលជាមានបំណងចង់រំកិលរបងចេញក្រៅ ដើម្បីរំលោភចំណីផ្លូវសាធារណៈហើយមើលទៅ។
លោក ឈុន ចណ្ណាក់ ហៅ ប៉ាក អាយុ៦០ឆ្នាំ បានឲ្យដឹងថា ប្រមាណ ១សប្តាហ៍មកហើយ ដែលលោក និងក្រុមគ្រួសារបាននាំគ្នាឈូសឆាយសំអាតស្មៅ និងកាប់ព្រៃសំអាតនៅមុខផ្ទះ ក្នុងគោលបំណង ដើម្បីដាក់រថយន្តត្រៀមរៀបចំកម្មវិធីឡើងផ្ទះតែប៉ុណ្ណោះ។ ដោយសារតែនៅក្រៅរបងផ្ទះរបស់លោកឧកញ៉ា ជា រិទ្ធី លោកគិតថា ជាដីផ្លូវសាធារណៈ លោកពុំបានសុំសិទ្ធិនោះទេ ស្រាប់តែលោកឧកញ៉ា និងកូនប្រុស រួមជាមួយកូនចៅផ្សេងទៀត បានមករករឿងចោទថា លោក (ឈុន ចណ្ណាក់) រានព្រៃរំលោភយកដីរបស់គាត់ និងបានបញ្ជាឲ្យកម្មករនាំគ្នាយកដុំថ្ម និងមែកឈើលើកដុំថ្មមកដាក់តម្រៀប លើទ្រូងផ្លូវប្រមាណ ៣ ទៅ៤ ម៉ែត្រពីបង្គោលភ្លើង ដោយអះអាងថា ដីរបស់ខ្លួនត្រឹមនោះ (នៅខាងក្រៅរបង)។
បើតាមប្រជាពលរដ្ឋខ្លះរស់នៅភូមិព្រែកតាគង់ បានឲ្យដឹងថា ដីនោះជាដីផ្លូវ ហើយនៅក្រៅរបងរបស់លោកឧកញ៉ាទៀត បែរជាលោកឧកញ៉ា បានមកអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួនទៅវិញ។
នៅព្រឹកនោះដែរ អាជ្ញាធរសង្កាត់ ក៏បានចុះទៅកន្លែងកើតហេតុ ហើយនាំគ្នាឈមើលដោយគ្រវីក្បាលគ្រប់គ្នា នូវទង្វើរបស់លោកឧកញ៉ា ជា រិទ្ធី។ ប្រជាពលរដ្ឋនៅម្តុំនោះ បានបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៨ នៅក្នុងឱកាសបើកសម្ពោធវិមានឈ្នះ-ឈ្នះ អាជ្ញាធរសង្កាត់ព្រែកតាសេក បានយកគ្រឿងចក្រឈូសឆាយផ្លូវជង្ហុក ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឲ្យបានស្រួល ក៏ស្រាប់តែលោកឧកញ៉ា ជា រិទ្ធី បានយកដំថ្មមកតម្រៀបការពារព្រំដីរបស់គាត់ដូចគ្នានេះដែរ។
ពាក់ព័ន្ធនឹងការយកដុំថ្មមកតម្រៀបលើទ្រូងផ្លូវ ដែលធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយនោះដែរ លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានឲ្យដឹងថា បញ្ហានេះដោយសាតែលោកឧកញ៉ា ជា រិទ្ធី ខឹង លោក ឈុន ចណ្ណាក់ រានព្រៃពុំសុំការអនុញ្ញាតពីលោក។
លោកចៅសង្កាត់ ក៏បានឲ្យដឹងទៀតថា ផ្លូវនោះត្រូវបានគាត់ទិញដី និងចលនាពីប្រជាពលរដ្ឋ នាំគ្នាធ្វើផ្លូវនេះឡើង។ លោកចៅសង្កាត់ ក៏បានឲ្យនគរបាលចុះទៅណែនាំ ឲ្យយកដុំថ្មចេញពីផ្លូវ ហើយបើមិនយកចេញទេ មានតែសាលាខណ្ឌជ្រោយចង្វារ ប្រើវិធានការណ៍រដ្ឋបាល។
ទោះបីជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News ពុំទទួលការបំភ្លឺណាមួយពីលោកឧកញ៉ា ជា រិទ្ធីនោះទេ នៅថ្ងៃនេះ៕