(កំពង់ស្ពឺ)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពី «សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍» នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
សិក្ខាសាលាស្តីពី «សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍» រៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ សហការជាមួយគណៈកម្មាធិការសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ យុវជននិងមន្ទីរពាក់ព័ន្ធចំនួន៩០នាក់។
លោក ហោ សារុន បានថ្លែងថា គោលបំណង នៃការរៀបចំសិក្ខាសាលាថ្ងៃនេះ ដើម្បីបង្កើនការយល់ដឹង និងចូលរួមទប់ស្កាត់ពីផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍ ការពារកុមារក្នុងឧស្សាហកម្មទេសចរណ៍ កសាង និងពង្រឹងសមត្ថភាពនិយោជក និយោជិត ភាគីពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សំដៅទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍។
លោកថា វិស័យទេសចរណ៍ គឺជាឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មដែលមានលក្ខណៈជាប្រព័ន្ធប្រទាក់ក្រឡារវាងគ្រប់សមាសភាពចូលរួម ទាំងការចូលរួមដោយផ្ទាល់ និងដោយប្រយោល។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានបោះជំហាន ទៅមុខយ៉ាងស្វាហាប់ និងដឹកនាំប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមមាន៖ វិស័យទេសចរណ៍ដែលជាវិស័យអាទិភាពដ៏សំខាន់ មួយក្នុងការកសាងសេដ្ឋកិច្ច-សង្គម ដោយបាននាំមកនូវចំណូលជូនជាតិ ផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស អំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាព កំណើននៃវិស័យ ទេសចរណ៍។ វិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមាន ជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណ ១២.៧% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា ទទួលបានទេសចរអន្តរជាតិ ៦,២លាននាក់ កើនឡើង ១០,៧%ធៀបនឹងឆ្នាំ២០១៧ នាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណ ជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ប៊ីលានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ប៊ីលានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់។
ទន្ទឹមនឹងការរីកចម្រើននៃវិស័យទេសចរណ៍ សកម្មភាពអវិជ្ជមានមួយចំនួន ត្រូវបានកើតឡើងដូចជាៈ ឧក្រិដ្ឋកម្ម ពេស្យាចារ ការជួញដូរមនុស្ស ការរំលោភផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន។ល។ ក្រសួងទេសចរណ៍ រួមនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការសង្គមស៊ីវិល បានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំង នឹងសកម្មភាពអវិជ្ជមានទាំងនេះ។ ជនល្មើសជាច្រើនត្រូវផ្តន្ទាទោស ក្នុងនោះរួមមានជនបរទេសដែលប្រព្រឹត្តអំពើអនាចារ្យលើកុមារផងដែរ។
គណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ក៏បានយកចិត្តទុកដាក់អនុវត្តកិច្ចការជាប្រចាំ ពិសេសការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពកុមារ និងការអប់រំលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗតាមរយៈការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាលខ្លីៗ និងការផលិតសម្ភារៈផ្សព្វផ្សាយ (ស្លាកបិទ ផ្ទាំងប៉ាណូ.....) ជាដើម។ ទាំងនេះជាកិច្ចខំប្រឹងប្រែងរបស់គណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ក្នុងការចូលរួម ទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍ ពិសេសគឺការរំលោភនិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ក្នុងន័យលើកកម្ពស់សុវត្ថិភាពកុមារ ដោយព្យាយាមលុបបំបាត់នូវទេសចរណ៍ផ្លូវភេទលើកុមារ (Child Sex Tourism) និងដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី ការលើកកម្ពស់សីលធម៌នៅក្នុងសង្គមគ្រួសារខ្មែរការយល់ដឹងពីតម្លៃ និងសិទ្ធិរបស់កុមារ។
រាជរដ្ឋាភិបាកម្ពុជាក្នុងនីតិកាលទី៦ នៅតែមានជំហរដាច់ខាត ពង្រឹងភាពជាម្ចាស់ប្រឆាំងអំពើជួញដូរមនុស្ស និងបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឲ្យជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយមិនបានឆ្លើយតបនោះឡើយ។
ទោះបីជាជនល្មើសកាន់តែមានល្បិចកលខ្ពស់ក៏សមត្ថកិច្ចបានបង្ក្រាបស្ទើរតែគ្រប់ករណី និងបន្តស៊ើបអង្កេតរកបទល្មើសថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស ដោយសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ។ ប្រសិនបើមិនមានការប្រឹងប្រែងទាំងនេះទេ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពានលើមនុស្សនឹងមានស្ថានភាពរឹតតែអាក្រក់ជាងនេះ និងមិនអាចប៉ាន់ស្មានបាន។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ កន្លងទៅ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទមានចំនួន ១៣៤ករណី ជនសង្ស័យ ២២៤នាក់ និងជនរងគ្រោះមានចំនួន ២៣០នាក់ មានការថយចុះ ២៥ករណី (១៥៩ករណី) ជនសង្ស័យមានការកើនឡើង២១នាក់ (២០៣នាក់) និងជនរងគ្រោះថយចុះ១១៥នាក់ (៣៤៥នាក់) បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០១៧។
លោកបន្តទៀតថា សិក្ខាសាលារបស់យើងមានរយៈពេលខ្លីក៏ពិតមែន តែក៏នឹងបានឆ្លុះបញ្ចាំងឲ្យឃើញពីការលើកកម្ពស់សីលធម៌សង្គម តម្លៃសង្គម និងគ្រួសារខ្មែរចូលរួមលុបបំបាត់ការរើសអើង និងកសាងភាពសុខដុមរមនាក្នុងគ្រួសារ សហគមន៏ និងក្នុងសង្គមជាតិទាំងមូល ជាពិសេសការចូលរួមលើកកម្ពស់សុវត្ថិភាពកុមារ ដើម្បីចូលរួមក្នុងគ្រប់ដំណើរការនៃកិច្ចអភិវឌ្ឍជាតិ ប្រកបដោយសមធម៌ និងឈានទៅដល់សមភាពក្នុងគ្រួសារ។ ផ្តើមចេញពីចំណេះដឹងដែលបានទទួលក្នុងឱកាសនេះ វាពិតជាអាចបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាម ហើយបន្តបញ្ជូនចំណេះដឹងទាំងនេះទៅចែករំលែកជូនដល់គ្រួសារ អង្គភាព ស្ថាប័ន មូលដ្ឋានអាជីវកម្មនានាឲ្យកាន់តែទូលំទូលាយ និងយល់ជ្រួតជ្រាបបន្ថែមទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ទិត្យ វុទ្ធី អភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្ត ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលរួម ក្នុងពិធីបើកសិក្ខាសាលា នាពេលនេះ សូមអរគុណលោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្ត ក្រុមការងារគណៈកម្មការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងរៀបចំ វគ្គនេះឡើង និងពិសេសសូមអរគុណចំពោះអស់លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ៕