(ក្រចេះ)៖ មន្ទីរសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩នេះ បានរៀបចំទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ដែលប្រារព្ធនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងលោកវេ.ជ្ជ ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ។
លោកវេ.ជ្ជ ឈ្នាង សុវុត្ថា បានថ្លែងថា ទិវានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីវិធានការការពារជម្ងឺគ្រុនចាញ់ និងជួយទប់ស្កាត់លប់បំបាត់ជម្រកមូស ជំរុញបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខមាល ភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ តំបន់ជនបទ ប្រជាពលរដ្ឋដែលប្រកបរបបរកស៊ី និងធ្វើស្រែចំការក្នុងព្រៃ។
ជាការឆ្លើយតបនូវបញ្ហានេះ ក្នុងឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តបានចែកមុងជ្រលក់ថ្នាំមានប្រសិទ្ធភាពជូនដល់ប្រជាជនបានចំនួន១៦៣.០០៩មុង និងមុងអង្រឹងចំនួន ៦៥.៥៨០មុង និងចុះអប់រំសុខភាព ពិនិត្យឈាម ព្យាបាលព្រមទាំងបង្កើតពង្រីកអ្នកស្ម័គ្រចិត្តតាមមូលដ្ឋានជាច្រើនផងដែរ។ បើប្រៀបធៀប ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨ ករណីជម្ងឺគ្រុនចាញ់ មានការថយចុះពី១.៩៧០ មកត្រឹម៣៨០ករណីនៅ ត្រីមាសទី១ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះដែរលោក ប៉ែន លីណាត បានកោតសសើរ និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាល ក៏ដូចជាមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងជីវភាពរស់នៅ ទាំងសុខភាពអនាម័យ ព្រមទាំងមានកិច្ចសហការល្អរវាងអាជ្ញាធរក្នុងមូលដ្ឋាន។
ដូច្នេះ មន្ត្រីបម្រើការនៃវិស័យសុខាភិបាលទាំងអស់ នៅតាមបណ្ដាមូលដ្ឋានត្រូវធ្វើយ៉ាងណា ផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ទាំងកាយវិកា ទាំងពាក្យសំដី ត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត គោរពស្រឡាញ់ និងសូមឱ្យបន្ដកិច្ចសហការជាមួយអង្គភាពជាដៃគូរ ដើម្បីកាត់បន្ថយអត្រាជម្ងឺ និងអត្រាស្លាប់ដោយសារគ្រុនចាញ់នេះ មិនត្រឹមតែប៉ុណ្ណោះ ត្រូវរួមគ្នាក្នុងការលប់បំបាត់ឱ្យអស់ជាស្ថាពរ នៃជម្ងឺគ្រុនចាញ់ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលប់បំបាត់ជម្ងឺគ្រុនចាញ់ ឆ្នាំ២០១១ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យចេះរស់នៅប្រកបដោយអនាម័យត្រូវមានបរិស្ថានល្អ រស់នៅស្អាតហូបស្អាតទើបជីវិត រស់នៅមានជីវភាពរុងរឿង និងមានសុភមង្គលដែលកើតចេញពីយើងទាំងអស់គ្នាបានចូលរួមថែរក្សា។ ចំពោះការការពាសូមឱ្យប្រជាពលរដ្ឋអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យ គឺត្រូវសម្រាកក្នុងមុងជ្រលក់ថ្នាំ បើមានមុខសញ្ញាណាមិនស្រួលត្រូវទៅពិគ្រោះជម្ងឺ ជាមួយអ្នកស្ម័គ្រចិត្ត ដែលមានជំនាញត្រឹមត្រូវ ឬទៅមណ្ឌលសុខភាពដែលជិតបំផុតដើម្បីពិនិត្យ និងព្យាបាលឱ្យចំមុខជម្ងឺចៀសវាងកុំមានជំនឿហួសហេតុ ទៅលើការបន់ស្រន់អារុក្ខអារ័ក្ស អ្នកតាព្រៃភ្នំ ដោយមិនបានគិតពីបច្ចេកទេសវិជ្ជាសាស្ត្របច្ចុប្បន្ននោះឡើយ៕