(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមើលឃើញថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន អាកាសយានដ្ឋាន និងកំពង់ផែនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មិនមែនជាអាណានិគមបែបថ្មីរបស់ចិនមកលើកម្ពុជា ឬប្រទេសជាសមាជិកដូចការចោទប្រកាន់របស់ប្រទេសលោកខាងលិចមួយចំនួននោះឡើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រទេសកម្ពុជាត្រូវការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាចំណែកដ៏សំខាន់មួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានេះ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fresh News មុនធ្វើដំណើរទៅកាន់ប្រទេសចិនអមសម្តេចតេជោ ហ៊ុន សែន ចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំចង់ឱ្យកម្ពុជាយើងនេះ មានប្រព័ន្ធឡូជីស្ទីក ប្រព័ន្ធដឹកជញ្ជូនដ៏ល្អ ដោយសារប្រទេសយើងនៅចំកណ្តាលប្រទេសថៃ និងប្រទេសវៀតណាម។ ដូច្នេះការដឹកជញ្ជូនទំនិញឆ្លងកាត់ពីថៃ ទៅវៀតណាម អាចឆ្លងកាត់កម្ពុជាយើង»

«យើងចង់ឱ្យប្រទេសយើងក្លាយទៅជាប្រទេសមួយមានផ្លូវខ្វាត់ខ្វែង មានស្ពាន មានកំពង់ផែ មានអាកាសយានដ្ឋានច្រើន ដើម្បីយើងអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន នៅកម្ពុជាយើងបន្ថែមទៀត។ បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ ទាក់ទាញអ្នកទេសចររាប់លាននាក់មកលេងនៅកម្ពុជាយើង ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើង។ យកកសិផលផលិតផលកម្ពុជាយើងទៅលក់នៅបរទេសបាន។ អ៊ីចឹងលុះត្រាតែយើងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អទើបយើងអាចធ្វើកិច្ចការនោះបាន»។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បន្ថែម។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោកនិងផ្លូវទឹក។ ចិនបានចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន។

បច្ចុប្បន្នមានប្រទេសចំនួន១២៦ និងអង្គការអន្តរជាតិចំនួន ២៩ហើយ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន ដើម្បីរួមគ្នាកសាងគម្រោងនេះ។ ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផង បានចាត់ទុកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាអាណានិគមន៍បែបថ្មីរបស់ប្រទេសចិនទៅលើប្រទេសជាសមាជិក។

លោក ស៊ុន ចាន់ថុល បានបដិសេធចំពោះការលើកឡើងបែបនេះ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ
«ខ្ញុំមិនយល់ដូចគេលើកឡើងនោះទេ។ ហេដ្ឋារចនាសម្ព័ន្ធនេះផ្តល់អត្ថប្រយោជន៍មកដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូលតែម្តង។ អ៊ីចឹងការលើកឡើងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាការតភ្ជាប់រវាងអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ការតភ្ជាប់នេះធ្វើឱ្យការដឹកទំនិញ ដឹកជញ្ជូនទាំងទំនិញផង ទាំងមនុស្សផង មានការងាយស្រួល បង្កើតការងារទៅឱ្យពិភពលោកទាំងមូលតែម្តង»

លោករដ្ឋមន្ត្រីបានបន្ថែមថា «ដូច្នេះចិន និងប្រទេសជាង១០០ផ្សេងទៀតកំពុងធ្វើការរួមគ្នាមានប្រសិទ្ធភាព ដើម្បីនាំភាពរុងរឿង សម្បូរសប្បាយ មានបានដល់ពិភពលោកទាំងមូលតែម្តង។ មិនមែនការយកនេះមកកៀបសង្កត់ប្រទេសណាមួយនោះទេ គឺឱ្យពិភពលោកទាំងមូលនេះ មានការរីកចម្រើនទាំងអស់គ្នា។ នេះជាគំនិតផ្តួចផ្តើមដែលយើងសូមគាំទ្រទាំងស្រុង»