(បាត់ដំបង)៖ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកថ្មគោល ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានក្រើនរំលឹកទៅប្រជាពលរដ្ឋ រស់នៅឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ នៅពេលមានពេលមានភ្លៀងធ្លាក់ ដែលនាំមកខ្យល់កន្ត្រាក់ឆក់បណ្តាលឱ្យខូចខាត របើកដំបូលផ្ទះ ឬមានគ្រោះថ្នាក់ផ្សេងៗ។

ការដាស់តឿនបែបនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោក ដឹកនាំក្រុមការងារចុះចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១២គ្រួសារ រស់នៅឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ដែលកំពុងរងគ្រោះដោយសារខ្យល់កន្ត្រាក់ថ្មីៗ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់នៅពេលមេឃងងិតរកភ្លៀង និងមានភ្លៀងម្តងៗ សូមផ្អាកធ្វើការងារផ្សេងៗ ត្រូវប្រញាប់ចូលក្នុងផ្ទះភ្លាមៗ ឬរូតរះរត់រកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឱ្យមានគ្រោះថ្នាក់ ដោយសារគ្រោះធម្មជាតិជាយថាហេតុ ណាមួយដូចជា ផ្គររន្ទះបាញ់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ជាពិសេស ពេលមេឃកំពុងភ្លៀងត្រូវបិទទូរស័ព្ទ បិទវិទ្យុ កុំនៅក្រោមដើមឈើ និងជិតសារធាតុដែក ចៀងវាងកុំឱ្យស្រូបឆក់បង្កជារន្ទះបាញ់ជាដើម។

នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំងអស់ បានថ្លែងអំណរគុណដល់ប្រធានក្រុមការងារ ដែលតែងតែដឹងពីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងឃុំទាំង២ និងបានជួយប្រជាពលរដ្ឋដែលជួបការលំបាកបានទាន់ពេលវេលា គ្រប់កាលៈទេសៈទាំងកន្លងមក។

អំណោយដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំង ១២គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ៥០ឡីឡូក្រាម ទឹកសុទ្ធ១ធុង២០លីត្រ ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល៕