(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនបីដូចខាងក្រោម៖ ១៖ សេចក្តីព្រាងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ ២០១៩-២០២៣, ២៖ សេចក្តីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥ និង៣៖ សេចក្តីយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ ។

សេចក្តីព្រាងយុទ្ធសាស្រ្តទាំងបី ដែលបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការនាពេលនេះ គឺឯកសារដ៏មានសារៈសំខាន់ ប្រទាក់ក្រឡាគ្នា សម្រាប់ការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រផ្ទាល់ ចំពោះការងារកែទម្រង់ប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជាអាចក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ គោលបំណង និងគោលដៅនៃយុទ្ធសាស្រ្តនីមួយៗ មានដូចខាងក្រោម៖

១៖ យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣៖ ផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មរដ្ឋបាល និងគោលនយោបាយចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ក្នុងគោលដៅ៖
* ការប្រមូលចំណូលចរន្តសរុបឱ្យកើនបានយ៉ាងតិចបំផុត ០,៣ ពិន្ទុភាគរយនៃ ផ.ស.ស (GDP) ជាមធ្យមក្នុង មួយឆ្នាំ,
* បង្កើនគុណភាព សេវា និង
* ផលិតភាពក្នុងការផ្តល់សេវាគ្រប់ប្រភេទនៃរដ្ឋបាលប្រមូលចំណូល ។

២៖ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥៖ ជាការកែទម្រង់ប្រព័ន្ធថវិកាដែលមានរយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ តាមអភិក្រមសាមញ្ញ, ទន់ភ្លន់, តម្លាភាព និងគណនេយ្យភាព ស្របតាម សមត្ថភាព និងតថភាពជាក់ស្តែងរបស់កម្ពុជា ជាពិសេស ពង្រឹង«ការអនុវត្តថវិកាកម្មវិធី» ឱ្យបានពេញលេញ និង កសាងមូលដ្ឋានសម្រាប់ «ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម» ដើម្បីធានាឱ្យបាននូវការផ្សារភ្ជាប់ថវិកា ទៅនឹង គោលនយោបាយ រួមទាំងការតម្រឹមគោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងគោលបំណង និង អាទិភាពគោលនយោបាយជាតិ ។

៣៖ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥៖ មានគោលបំណងធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈក្លាយជាប្រព័ន្ធមួយដែលមានភាពជឿទុកចិត្ត, ប្រសិទ្ធភាព, ភាពប្រកួតប្រជែង និងការសន្សំសំចៃ ដោយស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ដើម្បីធានាបាននូវប្រសិទ្ធភាព និង ចីរភាពនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ចាំបាច់ត្រូវធ្វើអាទិភាពលើសមាសធាតុគន្លឹះៗរួមមាន៖
* រៀបចំ និង អនុម័តផែនការលទ្ធកម្ម,
* អនុវត្តកិច្ចលទ្ធកម្មសាធារណៈ,
* ត្រួតពិនិត្យ និង វាយតម្លៃលើការ អនុវត្តកិច្ចលទ្ធកម្ម,
* ពង្រឹងឯករាជ្យភាពនៃយន្តការដោះស្រាយបណ្តឹងតវ៉ា និង បង្កើតឱ្យមានរបបដាក់ ទោសទណ្ឌ និង
* រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលរួមមាន កែលម្អក្របខ័ណ្ឌគតិយុត្តនៃលទ្ធកម្មសាធារណៈ រៀបចំសៀវភៅ ណែនាំស្តីពីលទ្ធកម្មសាធារណៈ, សិក្សាអំពីការប្រើប្រាស់លទ្ធកម្មរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិច (E-GP) និង កសាងសមត្ថភាព ជាដើម ។

អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្រ្តទាំងបី និងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀត តាម ផ្នែកនីមួយៗ ដើម្បីផ្តល់ជាធាតុចូលសម្រាប់ក្រុមការងារបន្តធ្វើការកែលម្អ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, ប្រធានអង្គប្រជុំ, ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបាន ខិតខំ និង សហការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងបី សម្រេចបានទាន់ពេលវេលាតាមការគ្រោងទុក។ លោកក៏បានស្នើឱ្យក្រុមការងារ បន្តកែសម្រួលលើចំណុចទាំងឡាយដែលនៅខ្វះចន្លោះ ដើម្បីឱ្យឯកសារនេះ កាន់តែមានលក្ខណៈពេញលេញ និង គ្រប់ជ្រុងជ្រោយ៕