(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោក Ramesh Subramaniam អគ្គនាយកទទួលបន្ទុកតំបន់អាស៉ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅទីស្តីការក្រសួង អំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៉ី ជាពិសេសអំពីក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣។
លោក វង្សី វិស្សុត បានជម្រាបលោកអគ្គនាយក ADB ថា ដើម្បីបន្តជំរុញ និងធានាប្រសិទ្ធភាព ការអនុវត្តគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពរបស់អង្គភាពគ្រប់គ្រងគម្រោង (Project Management Unit - PMU) ជាពិសេសការរៀបចំក្របខ័ណ្ឌសម្រាប់ការរៀបចំគម្រោង ឲ្យរួចរាល់បានមុន (Project Readiness Filter) ដើម្បីដាក់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។ ក្របខ័ណ្ឌនេះ មិនត្រឹមតែអាចជួយដោះស្រាយបញ្ហា ទាក់ទងនឹងការអនុវត្តគម្រោងយឺតយ៉ាវប៉ុណ្ណោះទេ តែថែមទាំងអាចជួយធ្វើឱ្យ ការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមការគ្រោងទុក ដែលនឹងកាន់តែមានភាពឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលទទួលផលពីគម្រោង។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីស្តីទី បានស្នើឱ្យ ADB ពិចារណាផ្តល់ការគាំទ្រលើសំណើចំនួន៣ រួមមាន៖
*១៖ ជួយរៀបចំក្របខ័ណ្ឌវិនិយោគសម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យថាមពល, វិស័យហិរញ្ញវត្ថុ និងវិស័យជំនាញ ដោយគិតគូរទាំងទិដ្ឋភាពនៃការអនុវត្ត និងនិន្នាការជាសកល, ការតភ្ជាប់, សុវត្ថិភាព និងការគ្របដណ្តប់របស់វិស័យ។
*២៖ បង្កើនទំហំហិរញ្ញប្បទាន ដោយផ្តោតលើគម្រោងធំៗ ដែលនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការគម្រោង និងហានិភ័យគម្រោង
*និង៣៖ ផ្តល់ជំនួយបច្ចេកទេស ដោយផ្តោតលើភាពរួចរាល់នៃគម្រោង (Project Readiness), កិច្ចលទ្ធកម្ម និងគោលការណ៍គាំពារសង្គម។
ជាការឆ្លើយតប, តំណាង ADB បានផ្តល់នូវការគាំទ្រ និងជួយជំរុញការពិភាក្សាសំណើនេះបន្ត នៅក្នុងជំនួបរបស់លោករដ្ឋមន្រ្តីស្តីទី ជាមួយថ្នាក់ដឹកនាំរបស់ ADB នាឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥២ របស់ ADB នាពេលខាងមុនេះ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានលើកទឹកចិត្ត និងស្វាគមន៍ដល់ ADB ចូលរួមជាមួយធនាគារពិភពលោក ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ ស្តីពីសេដ្ឋកិច្ចឌីជីថលជាមួយកម្ពុជា។
ក្រៅពីនេះលោករដ្ឋមន្រ្តីស្តីទី ក៏បានផ្លាស់ប្តូរមតិជាមួយលោកអគ្គនាយក ADB អំពីភាពចាំបាច់ និងបន្ទាន់ ក្នុងការរៀបចំផែនការនគរូបនីយកម្ម ជាពិសេសការរៀបចំផែនការមេវិនិយោគទីក្រុង ដើម្បីចៀសវាងធ្វើការនិយោគនៅត្រង់ទីនោះន្តិច នៅត្រង់ទីនេះបន្តិច ដែលនឹងធ្វើឱ្យទទួលរងការខាត់បង់ធំទៅថ្ងៃក្រោយ៕