(ប៉ៃលិន)៖ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងជំរុញការរៀបចំបង្កើតបណ្តុំសហគ្រាសធនតូច និងមធ្យម និងសិប្បកម្ម» នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិត ឡាំ គឹមលេង អគ្គនាយកសហគ្រាសធនតូច-មធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តប៉ៃលិន ត្រូវជួយសហការរៀបចំ បង្កើតបណ្តុំសហគ្រាសធនតូច-មធ្យម និងសិប្បកម្ម ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយស្មើភាពជាមួយដៃគូរប្រកួតប្រជែង និងការវិនិយោគនានា សំដៅធ្វើឱ្យកម្ពុជាក្លាយទៅជាទីកន្លែង សម្រាប់បង្កើតធុរកិច្ចផ្សេងៗដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

លោកបណ្ឌិត ឡាំ គឹមលេង បានថ្លែងថា បច្ចុប្បន្នវិស័យសហគ្រាសធុនតូច និងមធ្យម បានផ្លាស់ប្តូរចលនាសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងជាគន្លឹះយ៉ាងសំខាន់ក្នុងការស្រោចស្រង់ ការធ្លាក់ចុះ នៃសេដ្ឋកិច្ចនៅពេលមានវិបត្តិសេដ្ឋកិច្ចម្តងៗ ព្រមទាំងបានស្រូបយកវត្ថុធាតុដើម ក្នុងស្រុកមួយ ចំណែកធំឱ្យក្លាយជាផលិតផលសម្រាប់ប្រើប្រាស់ផលិតកម្មក្នុងស្រុក ហើផយវិស័យនេះ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលដោយការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ និងចំណេះដឹងដ៏សម្បូរបែប។

នៅក្នុងឱកាសនោះដែរលោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានលើកឡើងថា បច្ចុប្បន្នសិប្បកម្ម នៅក្នុងខេត្តប៉ៃលិន មិនទាន់មានសិប្បកម្មណាមួយ ចងក្រងជាបណ្តុំសិប្បកម្មនៅឡើយទេ គឺផលិត និងកែច្នៃផលិតផលរបស់ខ្លួន ដោយឯង ខ្សែរសង្វាក់ផលិតកម្មនៅមិនទាន់ជឿនលឿន ចំណាយថ្លៃដើមខ្ពស់ និងគុណភាពផលិតផលមិនអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងស្រុក និងក្រៅស្រុកបានដោយសារម្ចាស់សិប្បកម្មទាំងអស់ មិនទាន់យល់ដឹងពីសារៈសំខាន់នៃការចងក្រងឱ្យមានបណ្តុំសហគ្រាសធនតូច-មធ្យម និងសិប្បកម្មនៅឡើយ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការរៀបចំបង្កើតបណ្តុំសហគ្រាសធនតូច-មធ្យម និងសិប្បកម្ម គឺជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលអាចប្រើប្រាស់ជាឧបករណ៍ដ៏សំខាន់ សម្រាប់សម្របសម្រួលការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំនាញការប្រើប្រាស់បច្ចេកវិជ្ជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកម្មន្តសាល សេដ្ឋកិច្ច ចំណេះដឹង និងកំណែទម្រង់ស្ថាប័ន ដែលអាចទាញយកផលប្រយោជន៍ និងការបើកចំហរួមទាំងការចល័តកម្លាំងពលកម្មជំនាញក្នុងតំបន់ និងការរីកសាយភាយនៃបច្ចេកវិទ្យាទំនើប។

បើតាមរបាយការណ៍របស់លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តប៉ៃលិន មានសិប្បកម្ម ចំនួន៩៩ កំពុងដំណើរការសកម្មភាព ផលិតកម្ម និងអាជីវកម្មរបស់ខ្លួន ក្នុងនោះកម្មន្តសាលផលិតផលម្ហូបអាហារ ចំនួន ៦១មូលដ្ឋាន កម្មន្តសាលភេសជ្ជៈ ចំនួន ៧មូលដ្ឋាន កម្មន្តសាល ផលិតផលពីរ៉ែលោហៈដ៏ទៃទៀត ចំនួន ១៦មូលដ្ឋាន កម្មន្តសាល ផលិតផលលោហកែច្នៃរលើកលែងម៉ាស៊ីន និងបរិក្ខា ចំនួន ៧មូលដ្ឋាន និងកម្មន្តសាលគ្រឿងសង្ហារឹម ចំនួន ៨មូលដ្ឋាន៕