(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ គ្រុប បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍(ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជប៉ុនដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅក្នុងអគារ Vattanac Capital។ ពិធីបើកសម្ពោធនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅការិយាល័យកណ្តាល ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ងួន សុខា បានលើកឡើងថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញដែលក្រុមហ៊ុនដាយ អ៉ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ឆ្នាំក្នុងប្រទេសជប៉ុន។

លោក Allen Thai អគ្គនាយកក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍(ខេមបូឌា) បានថ្លែងដែរថា ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយ ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលកំពុងជំរុញឱ្យមានការពង្រីកទីផ្សារ ធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍទាំងនេះបានធ្វើឱ្យមានការកើនឡើង នូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែងដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ( Dai-ichi Life Group ) ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គ្រុប មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន៧ គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាប្រទេសទី៨ ដែលមានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group៕