(ឧត្ដរមានជ័យ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើរការអនុវត្តកម្មវិធីរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ក្នុងខេត្តឧត្ដរមានជ័យ។
កម្មវិធីនេះ នឹងផ្តល់ជូនជនពិការក្នុងខេត្តឧត្ដរមានជ័យ នឹងទទួលបានរបបឧបត្ថម្ភគោលនយោបាយ ពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ការពិនិត្យសុខភាព និងសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក ហាច ហ៊ាន ក៏បានបញ្ជាក់ថា កន្លងមក ដោយគិតចាប់តាំងពីឆ្នាំ ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ និងបានផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រ ចំនួន ១១.៦២៨នាក់ ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តត្បូងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ហើយសម្រាប់ឆ្នាំ២០១៩ នេះក្រសួងបានដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះ ចំនួន ៥ខេត្តថ្មីបន្ថែមទៀត រួមមាន៖ ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។
លោក ហាច ហ៊ាន បានបន្ថែមទៀតថា បច្ចុប្បន្នជនមានពិការភាព មិនត្រូវបានគេរើសអើង នឹងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០១៨កន្លងទៅ ជនពិការចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០ មានជនពិការចំនួន ២.៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១.៤៧៨នាក់ ស្មើនឹង៤.៤៧១នាក់ បើគិតជាភាគរយ ១,៩៣%។
ដោយឡែក វិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ) ស្ថិតិក្រសួង បានសាកល្បងលើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាបលើ ៧៧អង្គភាព គឺមានជនពិការចូលបម្រើការងារ ចំនួន៣.០៥៥នាក់ ក្នុងមានស្រ្តី១.៩៤៧នាក់ កម្រិតធ្ងន់ចំនួន ៤២០នាក់ សរុបគឺស្មើ ៣.៤៧៥នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទាំងមូល មានចំនួនជនពិការ ៥.៨៦៨នាក់។ ជាមួយគ្នានេះដែរ ក្រសួងក៏បានជំរុញការលើកកម្ពស់ជនពិការក្រីក្រ តាមរយៈគោលនយោបាយ លិខិតបទដ្ឋាន និងយន្តការនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។
មន្រ្តីជាន់ខ្ពស់រូបនេះ មានជំនឿយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលាដ៏មានសារសំខាន់នាថ្ងៃនេះ និងគណៈកម្មការ និងអនុគណៈកម្មការគ្រប់គ្រងរបបគោល នយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍សម្រាប់ ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ដែលបានបង្កើតរួចរាល់ នឹងមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាសេនាធិការយ៉ាងសំខាន់ នឹងជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជាពិសេសរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ឲ្យទទួលបានជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះលោក ហាច ហ៊ាន ក៏បានសូមសំណូមពរសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ខិតខំយកចិត្ត ទុកដាក់ស្តាប់នូវខ្លឹមសារសំខាន់ៗ ដែលនឹង ធ្វើបទបង្ហាញដោយមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើជាធាតុចូលក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យទទួលបាន លទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលតាមការគ្រោងទុក។
ជាមួយគ្នានេះដែរ លោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យ បានលើកឡើងថា រដ្ឋបាលខេត្តមានឆន្ទៈក្នុងការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ លិខិតបទដ្ឋានជាតិ អន្តរជាតិ ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីពិការភាព និងផែនការសកម្មភាពរបស់រដ្ឋបាលខេត្តដែល អនុវត្តដោយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរពាក់ព័ន្ធដ៏ទៃទៀត។
លោកបានបន្ថែមថា ការសហការនេះ គឺផ្តោតលើការងារសំខាន់ៗ ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព តាមរយៈការចូលរួមអនុវត្តសកម្មភាពនានា សំដៅកាត់បន្ថយ ភាពក្រីក្រ របស់ជនមានពិការភាព និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ក្រោមសមត្ថកិច្ចរបស់ រដ្ឋបាលខេត្ត ក៏ដូចជាជំរុញឲ្យជនពិការបានចូលធ្វើការ នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីកន្លែងសិប្បកម្មនានា ទៅតាមសមត្ថភាពរបស់បងប្អូនជនមានពិការភាពដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពម្ចាស់ការផងដែរ៕