(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ជាម្ចាស់ហាង «ណាផា សាឡន» បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអធ័ម ដោយបន្សល់ទុកតូចៗ ប្រុសស្រី៣នាក់ ឱ្យរស់នៅកំព្រាគ្មានម្តាយហៅទាំងវ័យក្មេង បានបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងអ៊ុតសក់យីហោ «ណាផា សាឡន» ផ្ទះលេខ៤១២ ផ្លូវលេខ៣៥១ ភូមិតាងូវកណ្តាល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលបានចងកសម្លាប់នេះមានឈ្មោះ ថន គឹមស្រស់ អាយុ៣៤ឆ្នាំ មុខរបរជាម្ចាស់ហាងអ៊ុតសក់យីហោ «ណាផា សាឡន» មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នជនរងគ្រោះមានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ នៅក្នុងបន្ទុកជាមួយផងដែរ។
សមត្ថកិច្ចដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រួសារភ្លាមៗ អាជ្ញាធរក៏បានចុះមកដល់កន្លែងកើតហេតុ ដើម្បីសាកសួររកតម្រុយ ព្រមទាំងពិនិត្យសពជនរងគ្រោះ សមត្ថកិច្ចសន្និដ្ឋានថា ពិតជាធ្វើអត្តឃាត្តសម្លាប់ខ្លួនឯងពិតមែន។ បើតាមក្រុមគ្រួសារដែលជាប្ដី និងគ្រួសារខាង ប្រពន្ធស្នើសុំមិនឱ្យមន្ត្រីខាងការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការក្រុង ពិនិត្យគ្រាន់តែសុំសមត្ថកិច្ចដឹងឮធ្វើលិខិតមរណភាព ដើម្បីយកធ្វើបុណ្យតាមប្រពៃណី។
បើតាមសាក្សីខ្លះនិយាយស្រ្តីរងគ្រោះបានតែងតែឃើញលេងឆាត តាមរយៈទូរស័ព្ទតែមិនដឹងនិយាយជាមួយខាងអ្នកណានោះតែមានទឹកមុខក្រៀមក្រំ ហើយក៏ព្រឹកឡើងភ្ញាក់ផ្អើល ចង-ក សម្លាប់យកក្រមាចង និងចំរឹមបង្អួច យ៉ាងណាក៏ដោយប្រភពព័ត៌មាន និងសាក្សី តែភាពជាក់ស្ដែងសមត្ថកិច្ច បានឆែកមើលទូរស័ព្ទអ្នករងគ្រោះឃើញ មានលេងតាមឆាតមែនតែមានអ្នកលុបចោល ដោយមិនដឹងថាជនរងគ្រោះអ្នកចុចលុប ឬទូរស័ព្ទបញ្ហាអ្វីនោះទេ ដោយមិនឃើញមានសរសេរអ្វីទាំងអស់៕