(ភ្នំពេញ)៖ រោងចក្រផលិតថង់យួរ ប្រអប់ និងសម្ភារវេចខ្ចប់គ្រប់ប្រភេទ បោះទុនជិត៣លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៣០០កន្លែង ត្រូវបានអនុម័តឲ្យដំណើរការនៅកម្ពុជា។ នេះបើយោងតាមការផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។

Facebook របស់ CDC បានផ្សាយថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតថង់យួរ ប្រអប់ និងសម្ភារវេចខ្ចប់គ្រប់ប្រភេទ របស់ក្រុមហ៊ុន «JNHE UNION (CAMBODIA) PACKING CO.,LTD.» គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង៕