Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការលើកពេលប្រកាសសាលក្រម លើសំណុំរឿងជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនចូលកម្ពុជា ជាង ១៦គីឡូក្រាម

25-04-2019 15:37

(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការជាសាធារណៈដើម្បីសាកសួរដេញដោល អស់ជាច្រើនម៉ោងលោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានសម្រេចលើកពេលប្រកាសសាលក្រម សំណុំ រឿងដឹកជញ្ជូនគ្រឿងញៀនទៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

ក្នុងសំណុំរឿងនេះ មានជនជាប់ចោទឈ្មោះ LIU CHUN WA អាយុ២៥ឆ្នាំ ជនជាតិចិន រស់នៅកោះហុងកុង ត្រូវតុលាការចោទប្រកាន់ពីបទ ដឹកជញ្ជូនរក្សាទុក និងជួញដូរគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រៃសណី យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ក្នុងពេលសវនាការជនជាប់ចោទ បានឆ្លើយបដិសេធចំពោះបទចោទប្រកាន់ ពាក់ព័ន្ធ និងគ្រឿងញៀននេះ ។ ជនជាប់ចោទបាននិយាយទៀតថា នៅកោះហុងកុងខ្លួនបានស្គាល់បុរសជនជាតិចិនម្នាក់ ឈ្មោះ ប៉ូ តាមរយៈសង្សារខ្លួន ក្រោយមកឈ្មោះ ប៉ូ បានឲ្យខ្លួនមកប្រទេសកម្ពុជា ដើម្បីទទួលយកកញ្ចប់ បញ្ញើរមួយ ដែលមានលេខកូដផ្ញើមកពីប្រទេសអាឡឺម៉ង់ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ខ្លួនគេក៏បានទៅស្ថានីយប្រៃសណី មកទទួលឥវ៉ាន់ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទើបតុលាការបានសម្រចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្ន មកដល់ថ្ងៃកាត់ទោសនេះ។

សូមបញ្ជក់ថា ជនជាប់ចោទឈ្មោះ LIU CHUN WA ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅស្ថានីយ៍ប្រៃសណីយ៍កម្ពុជា ខណៈជននេះបានទៅ ទទួលយក កញ្ចប់បញ្ញើរមួយ មកពីប្រទេសអាឡឺម៉ង់ ដែលមានលេខកូដបញ្ជាក់ពី អត្តសញ្ញាណអ្នកមកទទួល។ ក្នុងកញ្ចប់បញ្ញើរនោះ អាជ្ញាធរបានរកឃើញថ្នាំគ្រាប់សារធាតុញៀន ដល់ទៅ៥៥ភាគរយ នៃសារធាតុសុទ្ធដល់ទៅ១៦,៥គីឡូក្រាម ដាក់បង្កប់ជាមួយចំណីសត្វ៕