(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគណនេយ្យជូនមន្ត្រីរបស់ខ្លួនប្រមាណ ៣០នាក់ ដើម្បីពង្រឹងសមត្ថភាពផ្នែកគណនេយ្យក្នុងការចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានធ្វើនៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

វគ្គបណ្តុះបណ្តាលស្តីពី ជំនាញវិជ្ជាជីវៈគណនេយ្យ-Diploma in Accounting ធ្វើឡើងតាមកម្មវិធីសិក្សារបស់ ACCA Global ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ គណនេយ្យ ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ជូនដល់សិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការជំនាញទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យសាធារណៈ សរុបចំនួន ៣០នាក់ មកពីអគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុកការកសាង និង អភិវឌ្ឍសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការចាំបាច់សម្រាប់លើកកម្ពស់សមត្ថភាពអនុវត្តការងារជំនាញរបស់ខ្លួន និង រួមចំណែកអនុវត្ត ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបន្តថា វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ និង អនុវត្តកម្មវិធីបណ្តុះបណ្តាល និង វិក្រឹតការជាបន្តបន្ទាប់ ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបច្ចុប្បន្នធនធានមនុស្សទាំងនោះ, បាន និង កំពុង ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទីភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន និង បានរួមចំណែកធ្វើឱ្យកម្ពុជា ឤចបន្តរក្សាបាននូវ ភាពជឿទុកចិត្តបាននៃថវិកា ដែលសម្រេចបានជាសារវន្តនៅក្នុងដំណាក់កាលទី ១ និង ទទួលបាន ជោគជ័យថែមទៀត ក្នុងការបង្កើន គណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលទី ២ នៃការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។ បច្ចុប្បន្នការអនុវត្តការងារកែទម្រង់នេះ កំពុងស្ថិតក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកា ទៅគោលនយោបាយជាឤទិភាព របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដែលកាន់តែទាមទារនូវការអនុវត្តការងារបណ្តុះបណ្តាលកាន់តែសកម្មថែមទៀត ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគណនេយ្យនេះ គឺជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និង សវនកម្ម ដែលបានបង្កើតទ្បើងដោយស្ថាប័ន ACCA (Association of Chartered Certified Accountings) នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩០៤ និង មានសិស្ស-និស្សិត និង មន្ត្រីជំនាញកិច្ចការគណនេយ្យបានចុះឈ្មោះសិក្សាជាង ៤៥៥ ០០០ នាក់ មកពី ១៨១ ប្រទេស នៅជុំវិញសកលលោក។ ដូច្នេះកម្មវិធី បណ្តុះបណ្តាលនេះ ជាកម្មវិធីសិក្សាកម្រិតអន្តរជាតិ និង ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីរាជការជំនាញគណនេយ្យ របស់យើង ក្នុងការបង្កើនចំណេះដឹង និង បទពិសោធន៍លើវិជ្ជាជីវៈគណនេយ្យ ដែលមានស្តង់ដារទទួលស្គាល់កម្រិត អន្តរជាតិ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ មានច្រើនកម្រិត និង មានរយៈពេលវែង ដែលបានរៀបចំឡើង ក្នុងគោលបំណងដើម្បីឱ្យមន្ត្រីជំនាញទទួលបន្ទុកកិច្ចការគណនេយ្យសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ខាងចំណេះដឹង ក្នុងការអនុវត្តបទដ្ឋានគណនេយ្យ ស្របទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិ។

ក្នុងនោះលោកបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះ សកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើការងារអភិវឌ្ឍសមត្ថភាព គ្រូបង្គោល, ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនានា និង មានសមត្ថភាពនាំមកនូវកម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់ ស្រប តាមនិយាមអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកកិច្ចសហការលើការងារបណ្តុះបណ្តាលនេះ។ ជាក់ស្តែង សកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានផ្តល់កិច្ចសហការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគណនេយ្យ តាមកម្មវិធីដែលស្រប តាមស្តង់ដារអន្តរជាតិ ដែលមានការគាំទ្រពេញលេញពីស្ថាប័ន ACCA Global៕