(ភ្នំពេញ)៖ មកដល់ពេលនេះ កម្ពុជាមានសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងវិទ្យាស្ថាននានា ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាង១០០ស្ថាប័ន ហើយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រសួងការងារបានចុះអនុស្សរណៈជាមួយដៃគូដ៏ធំមួយទៀត គឺវិទ្យាស្ថានបណ្តុះបណ្តាលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីលើកកម្ពស់សមត្ថភាពលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ សំដៅឆ្លើយតបនឹងតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន។

ពិធីចុះអនុស្សរណៈរួមគ្នា ក្នុងការកម្ពស់សមត្ថភាពលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈនេះ ត្រូវបានប្រារពធ្វើឡើងនៅ ទីស្តីការក្រសួងការងារ ដែលចុះហត្ថលេខាដោយលោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ ជាមួយលោក ឆែម រីទ្ធី នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្តុះបណ្តាលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា។

នៅក្រោយពិធីចុះអនុស្សរណៈនេះ លោក ពេជ សោភ័ន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តការនេះ ក៏ជាឫសគល់មួយ ក្នុងការស្រាវជ្រាវរកឱ្យឃើញនូវមូលហេតុ ដែលធ្វើឱ្យការអប់រំការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ មិនសូវមានការទាក់ទាញ និងកង្វះជំនាញនៅក្នុងទីផ្សារនាពេលកន្លងមក។

លោករដ្ឋលេខាធិការក៏បានបញ្ជាក់ថា កន្លងមកក្រសួងក៏បានស្រាវជ្រាវជាច្រើនមកហើយ លើការអភិវឌ្ឍន៍ជំនាន់ទី៤នេះ ដែលពាក់ព័ន្ធនឹងជំនាញទាំងឡាយ នៅលើទីផ្សារក្នុងប្រទេស តំបន់ និងពិភពលោក ដែលកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍ និងកែទម្រង់នៅតាមសាលា វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាដើរឱ្យទាន់សម័យកាលបច្ចេកវិទ្យាមួយនេះ តាមរយៈការជួយជ្រោមជ្រែង និងផ្តល់នូវសម្ភារៈ ឧបករណ៍ពីបណ្តារប្រទេសជាដៃគូមួយចំនួនផងដែរ។

ដើម្បីឆ្លើយតប និងដើរឱ្យទាន់សម័យកាលបច្ចេកវិទ្យានេះ លោក ពេជ សោភ័ន ក៏បានអំពាវនាវដល់សាលាបណ្តុះបណ្តាល វិទ្យាស្ថាន និងគ្រឹះស្ថានទាំងអស់ត្រូវអភិវឌ្ឍន៍សមត្ថភាព គុណភាពរបស់ខ្លួន ពិសេសពង្រីកសមត្ថភាពគ្រូ សាស្រ្តាចារ្យ និងអ្នកដឹកនាំរបស់ខ្លួនបន្ថែមទៀត។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងវិទ្យាស្ថាននានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាង ១០០ស្ថាប័ន។ ដោយឡែក សម្រាប់គ្រឹះស្ថានសាធារណៈរបស់រដ្ឋមានចំនួន៣៩ នៅគ្រប់រាជធានី-ខេត្ត ក្រៅពីនេះក៏មានរបស់អង្គការមិនមែនរដ្ឋភិបាល និងវិស័យឯកជនមួយចំនួនទៀតផងដែរ៕