(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយក្រុមហ៊ុន វ៉ចហ្គាត (WatchGuard) បង្កើតសិក្ខាសាលាមួយស្តីពី ការដាក់បង្ហាញនូវផលិតផល និងដំណោះស្រាយថ្មីៗ ក្នុងការការពារប្រព័ន្ធទិន្នន័យតាមរយៈប្រព័ន្ធអ៊ីនធើណេត ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។

ក្នុងកម្មវិធី (WatchGuard Security Platform 2019) នៅសណ្ឋាគារ សុខា (Sokha Hotel) លោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានបញ្ជាក់ថា «ចំពោះក្រុមហ៊ុន អេនដ្រូមេដា Andromeda ដែលចែកចាយ ក៏ដូចជាក្រុមហ៊ុនផលិត វ៉ចហ្គាត (WatchGuard) គឺពួកយើងបានសហការណ៍ផ្ដល់នូវសេវាកម្មផលិតផល ហើយដៃគូយើងដែលចែកចាយនៅកម្ពុជា គឺគាត់មានភ្នាក់ងារចែកចាយ ដូចជាបុគ្គលិកផ្ទាល់ក្នុងការដំឡើង ក្នុងការថែទាំ និងរក្សាក្រោយពីអតិថិជនបានទិញយកទៅប្រើប្រាស់»

លោកបានបន្ថែមថា «សម្រាប់ប្រព័ន្ធការការពារទិន្នន័យសុវត្ថិភាព តាមអ៊ីនធើណេតដែលបានបង្ហាញក្នុងថ្ងៃនេះ គឺយើងមានផលិតផល WatchGuard ដើម្បីផ្ដល់ជូនដល់អតិថិជនរបស់យើង ហើយផលិតផល WatchGuard នេះគឺបាននាំចូលពីសហរដ្ឋអាមេរិក ដែលវាអាចជួយក្នុងការការពារប្រព័ន្ធទិន្នន័យផ្សេងៗ តាមរយៈកុំព្យូទ័ររបស់យើងបានផងដែរ»

លោកបន្តថា សម្រាប់ប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជា នាពេលសព្វថ្ងៃនេះ គឺកំពុងប្រឈមកត្តាហានិភ័យខ្ពស់ តាមរយៈអ្នកប្រើប្រាស់ផ្ទាល់ ដូចជាបណ្ដាលសហគ្រាសផ្សេងៗទៀត គឺតែងតែមានការបាត់បង់ប្រព័ន្ធទិន្នន័យ និងអត្ថប្រយោជន៍ដូចជាលុយកាក់ផងដែរ។ ដូចនេះប្រសិនបើបណ្ដាលស្ថាប័ន ក៏ដូចជាស្ថាប័នរដ្ឋងាកមកប្រើប្រព័ន្ធការពារនេះ គឺប្រព័ន្ធសន្តិសុខជាតិ ក៏ដូចជាប្រព័ន្ធសន្តិសុខក្នុងស្ថាប័ននីមួយៗ គឺមានការការពារខ្ពស់ផងដែរ។

លោកបានបញ្ជាក់ទៀតថា លោកពិតជាមានការរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោកទទួលបាន នូវការគាំទ្រពីសំណាក់ដៃគូចែកចាយ ក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននាៗ ហើយលោកក៏អរគុណយ៉ាងខ្លាំង ចំពោះអតិថិជនដែលបានអញ្ជើញមកចូលរួម នៅក្នុងកម្មវិធីសិក្ខាសាលានៅថ្ងៃនេះផងដែរ។

ក្នុងឱកាសនេះដែរលោក អ៊ូថៃផេត រតនាភូផា (Uthaipat Ratanaphupha) អ្នកតំណាងឲ្យក្រុមហ៊ុនWatchGuard ក៏បានលើកឡើងថា លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Andromeda ដែលបានសហការ និងបង្កើតកម្មវិធីនេះឡើង ក៏ដូចជាផ្តល់ឱកាសឲ្យលោកបានធ្វើបទបង្ហាញយ៉ាងលំអិត អំពីដំណោះស្រាយនូវផលិតផលថ្មីៗរបស់ខ្លួនជូនដល់អតិថិនជនទាំងអស់នៅក្នុងកម្មវិធីសិក្ខាសាលានេះ។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីនេះដែល ក្រុមហ៊ុន Andromeda ក៏មានការផ្តល់ជូនកម្មវិធីពិសេសទៅដល់អតិថិជន ដែលបានជាវផលិតផល WatchGuard ដែលមានជាការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ៕