Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធធារាសាស្ដ្រលំហាច ខេត្តកំពង់ឆ្នាំង ជាជំនួយរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ សាងសង់បានជាង៩៧ភាគរយហើយ

25-04-2019 14:56

(កំពង់ឆ្នាំង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ អមដំណើរដោយក្រុមការងារ ជាថ្នាក់ដឹកនាំក្រសួង និងលោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

គម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ចំនួនប្រមាណ ៣៣លានដុល្លារ សម្រាប់រយៈពេល ០៣ឆ្នាំ (២០១៧-២០១៩)។ គម្រោងនេះ អនុវត្តដោយក្រុមហ៊ុនសាងសង់អន្តរជាតិ Tidal Marine Engineering Co. Ltd. និងត្រួតពិនិត្យការអនុវត្តគម្រោង ដោយក្រុមហ៊ុនជប៉ុន NIPPON KOEI។

បើតាមការរាយការណ៍ពីលោកប្រធានមន្ទីរ និងក្រុមការងារគម្រោង បានឲ្យដឹងថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ៩៧.៥ភាគរយ និងគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។ តាមផែនការ ពេលដែលប្រព័ន្ធធារាសាស្រ្តលំហាចសាងសង់រួច នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដាំដុះ បានចំនួន ៣២៨៩ហិកតា នៅរដូវវស្សា និងចំនួន ៣០០ហិកតា នៅរដូវប្រាំង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី លឹម គានហោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង និងវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឲ្យខិតខំបញ្ចប់ការងារ ប្រកបដោយគុណភាពស្រប តាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។

នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានចែកជូនក្រមាដល់បងប្អូនជាកម្មករសំណង់ សម្រាប់ប្រើប្រាស់ ក្នុងពេលបំពេញការងារ ក្នុងស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានសភាពក្តៅ ហួតហែង និងបានស្នើពួកគាត់ យកចិត្តទុកដាក់ថែរក្សាសុខភាពជាសំខាន់៕