(ស្វាយរៀង)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យឯកជន បានរួមចំណែកដ៏សំខាន់ក្នុងការជួយសេដ្ឋកិច្ចប្រទេសជាតិ។
លោកថ្លែងបែបនេះ ក្នុងជាក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី១ លើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩ នៅសាលប្រជុំមន្ទីពាណិជ្ជកម្មខេត្តស្វាយរៀង។
មន្ត្រីជាន់ខ្ពស់បានបន្ថែមថា ខេត្តស្វាយរៀងបានដំណើរការបោះឆ្នោត សភាពាណិជ្ជកម្មអាណត្តិទី១ លើកទី១ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ មានសមាជិកចំនួន ១៥រូបហើយ។ នៅឆ្នាំ២០១៩នេះ សមាជិកសភាពាណិជ្ជកម្មខេត្ត ត្រូវរៀបចំការបោះឆ្នោត អាណត្តិ១ លើកទី២ ដើម្បីបំពេញបន្ថែមសមាជិក ៧រូប ដែលបានបញ្ចប់អាណត្តិ ដោយទុកសមាជិក ៨រូបទៀតបន្តអាណត្តិ ព្រោះសមាជិក ៨រូបនេះ នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួន នៅ៣ឆ្នាំខាងមុខទៀត។
លោក ម៉ៅ ថូរ៉ា បានបញ្ជាក់ផងដែរថា «ដើម្បីឲ្យសភាពាណិជ្ជកម្មកាន់តែទទួលបានជោគជ័យ ចាំបាច់រៀនសូត្រពីប្រទេសនានាដែលមានបទពិសោធន៍ ទាំងវិស័យឯកជន និងរដ្ឋាភិបាល ដោយជួយគ្នាទៅវិញទៅមក ក្នុងវិស័យពាណិជ្ជកម្ម ក្នុងនោះ យើងត្រូវពង្រឹងការអនុវត្តគម្រោង របស់សភាពាណិជ្ជកម្មយើងឲ្យមាំមួនខ្លាំង មានប្រសិទ្ធភាព ដើម្បីចៀសវាងស្ថិតក្រោមការគ្រប់គ្រង អ្នកវិនិយោគ សភាពាណិជ្ជកម្ម គឺជាស្ពាននយោបាយមួយដ៏ធំ សម្រាប់ការអភិវឌ្ឍន៍ប្រទេសយើង»។
លោកបន្តថា «វិស័យឯកជន បានរួមចំណែកដ៏សំខាន់ ក្នុងការជួយសេដ្ឋកិច្ចប្រទេសជាតិយើងផងដែរ»។
សូមបញ្ជាក់ថា ចាប់តាំងរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ៨កន្លែង។
ក្រៅពីនេះ មានសហគ្រាស គ្រឹះស្ថានមួយចំនួនទៀតកំពុងដំណើរការ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមិនត្រឹមតែបានផ្តល់នូវការងារធ្វើជូនដល់ប្រជាពលរដ្ឋ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ លើកកម្ពស់ផលិតផលផលិតក្នុងស្រុកខ្មែរទៅក្នុងទីផ្សារអន្តរជាតិផងដែរ តាមរយៈការនាំចេញនូវផលិតផល ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សម្ភារអេឡិកត្រូនិច ខ្សែបង្គុំអគ្គិសនី កង់ អំពូល ឆ័ត្រ រនាំងស្លាបព្រិល ស្រោមដៃ ម៉ែត្រសម្រាប់វាស់ សម្ភារវេចខ្ចប់ ស៊ុមរូបថត ដែកព្យួរខោអាវ និងផលិតផលផ្សេងៗទៀត៕