(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានណែនាំទៅកាន់ ប្រធាននាយកដ្ឋានដែលទើបផ្លាស់ប្ដូរថ្មី ត្រូវតែខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងត្រូវមានយុត្តិធម៌ ក្នុងការដឹកនាំកងកម្លាំងក្រោមឱវាទ។
ក្រោយបញ្ចប់ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូនប្រធាននាយកដ្ឋានចំនួន៥រូប និងអនុប្រធានសេនាធិការម្នាក់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ អគ្គស្នងការ បានណែនាំឲ្យខិតខំប្រឹងប្រែង បំពេញភារកិច្ច បំពេញលក្ខណៈសម្បត្តិក្នុងភាពជាអ្នកដឹកនាំច្បាស់លាស់ ដឹងពីសុខទុក្ខកងកម្លាំង និងត្រូវមានភាពយុត្តិធម៌ក្នុងការដឹកនាំកងកម្លាំង»។
នាយឧត្ដមសេនីយ៍ នេត សាវឿន ក៏បានគូសបញ្ជាក់ឲ្យប្រធាននាយកដ្ឋានថ្មី ត្រូវតែមានភាពស្មោះត្រង់ជាមួយកងកម្លាំង សាមគ្គីភាពគ្នាផ្ទៃក្នុង ហើយត្រូវតែធ្វើជាគំរូក្នុងការដឹកនាំ ដើម្បីទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ច ដែលស្របទៅនឹងអ្វីដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានជឿទុកចិត្ត និងប្រគល់ជូន។
លើសពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្ដាំផ្ញើឲ្យខិតខំប្រឹងប្រែងរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងដើម្បីធានាស្ថិរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
សូមជម្រាបថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងក្នុងឱកាសនេះរួមមាន៖
*ទី១៖លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
*ទី២៖លោកឧត្តមសេនីយ៍ឯក ម៉ៅ ឧត្តម ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន
*ទី៣៖លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ពីប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍
*ទី៤៖លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ពីប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ
*ទី៥៖លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ពីអនុប្រធានសេនាធិការដ្ឋានទៅជាប្រធាន នាយកដ្ឋាននគរបាលការពារព្រំដែនគោក
ទី៦៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ពៅ ជាអនុប្រធានសេនាធិការដ្ឋាន៕