(ប៉ៃលិន)៖ ប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសេចក្តីត្រេកអរជាពន់ពេក បន្ទាប់ពីផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំដ៏ថ្មីស្រឡាង ១ខ្សែ ប្រវែងជិត៨គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងគូសាណូណិ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងលោក ហ៉ីរ៉ូសិ អាតស៊ូស៊ិ លេខាទីពីរ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវ១ខ្សែនេះ។
លោក ហ៉ីរ៉ូសិ អាតស៊ូស៊ិ បានលើកឡើងថា ប្រទេសជប៉ុន និងកម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមិត្តភាពតាំងពីដើមរហូតមក ហើយកិច្ចសហប្រតិបត្តិការនេះបានវេញចំណងសាមគ្គី ជាមិត្តភាពយ៉ាងល្អប្រសើរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកថា ផ្លូវលំ១ខ្សែនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតក្រោមកិច្ចសហការដ៏ជិតស្និតរវាង ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអាជ្ញាធរខេត្តប៉ៃលិន ដែលបាននាំនូវផលប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍ ក្នុងខេត្តប៉ៃលិន។
លោក ចេង ញ៉ាន់ បានថ្លែងថា ប្រទេសជប៉ុនស្ថិតនៅឆ្ងាយពីកម្ពុជាមែន ប៉ុន្តែទឹកចិត្តរបស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជំនាន់ និងប្រជាពលរដ្ឋជប៉ុន ហាក់ដូចជានៅគៀកកិតជាមួយប្រជាជនកម្ពុជាជានិច្ច ស្ទើរគ្រប់កាលៈទេសៈ និងគ្រប់សម័យកាល។ លោកថា រដ្ឋាភិបាលជប៉ុន និងប្រជាពលរដ្ឋជប៉ុន បានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាំងពីយូរលង់ណាស់មកហើយ ដែលជំនួយទាំងអស់របស់ជប៉ុន គឺជាជំនួយឥតសំណង ជាជំនួយផែ្នកសង្គម និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទៅ និងជាជំនួយដោយស្មោះសរជាទីបំផុត។
បើតាមរបាយការណ៍របស់ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ ១ខ្សែនេះ មានប្រវែង ៧៨០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងលូមូលកាត់ទទឹងផ្លូវមុខមួយ ចំនួន៤កន្លែង ស្ថិតក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្លូវនេះ ត្រូវបានចាប់ផ្តើមស្ថាបនាឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាបពរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ប្រើប្រាស់ទឹកប្រាក់ចំនួន ៨៨,២៩០ដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងគូសាណូណិ៕