(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ និងដើម្បីត្រៀមខ្លួនក្នុងការទទួលកំណើនភ្ញៀវទេសចរ ដែលកំពុងកើនឡើងឥតឈប់ឈរ ក្រសួងទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា ឱកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ជូនដល់សិស្ស និស្សិត ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ជាតិ-អន្តរជាតិប្រមាណជាង ៣០០មូលដ្ឋាន នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្ដាខេត្តមួយចំនួន។
សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធីបតីភាពលោក មាន វណ្ណដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ និងលោកសមូហកបណ្ឌិត ឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។
លោក ឡី សុភាព បានឱ្យដឹងថា ក្នុងវិស័យទេសចរណ៍ រឿងដែលសំខាន់បំផុតនោះគឺការទស្សនាកម្សាន្ត ការស្នាក់នៅ និងការហូបចុក ដែលប្រតិបត្តិករទេសចរណ៍ និងម្ចាស់មូលដ្ឋានអាជីវកម្មគ្រប់គ្នា ត្រូវយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ។
លោកបន្តថា វិស័យទេសចរណ៍ ជាវិស័យសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដែលទាមទារឱ្យមានការរួមគ្នាទទួលខុសត្រូវ រួមគ្នាអភិវឌ្ឍន៍ ឱ្យឈានទៅមុខ ប៉ុន្តែដើម្បីអភិវឌ្ឍន៍វិស័យមួយនេះឱ្យរីកចម្រើនទៅបាន ចាំបាច់ត្រូវមានការបណ្ដុះបណ្ដាលធនធានមនុស្ស។
ដូច្នេះហើយបានជាថ្ងៃនេះ ក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រៀបចំសិក្ខាសាលាខាងលើនេះឡើង ដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា ឱកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ដល់សិស្ស និស្សិត ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ជាតិ-អន្តរជាតិនានា។
លោក មាន វណ្ណដេត បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង»។
លោកបានរៀបរាប់អំពីគោលនយោបាយ និងស្ដង់ដានានាក្នុងវិស័យទេសចរណ៍ ដែលពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈ សេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ ការបណ្ដុះបណ្ដាល និងផ្នែកពាក់ព័ន្ធនានា។
លោកក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ មានគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងលើកទឹកចិត្តឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងកំណើនទេសចរ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ។
សូមជម្រាបថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានៅតែមានការកើនឡើងរៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ កើនឡើង ១០.៧ភាគរយ ជាមួយនឹងចំណូល ៤.៣ពាន់លានដុល្លារ និងផ្ដល់ឱកាសការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សែននាក់ទៀត។
នៅឆ្នាំ២០១៩នេះ កម្ពុជារំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៦លាននាក់ នៅឆ្នាំ២០២០ រំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយចំណូលប្រមាណ ៥ពាន់លានដុល្លារ និងនៅឆ្នាំ២០៣០ រំពឹងថានឹងបាន ១៥លាននាក់ ជាមួយនឹងចំណូលប្រមាណ ១០ពាន់លានដុល្លារ៕