(ភ្នំពេញ)៖ លោកស្រី អ៊ូ វ័ឌី សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ រយៈពេលជាង២០ឆ្នាំមកនេះ ទោះបីមានចលនាផ្លាស់ទីរបស់យុវជនកម្ពុជាទៅធ្វើការនៅក្រៅប្រទេស នៅតែបន្តមានជាច្រើនក្តី ក៏ប៉ុន្តែយុវជនទាំងនោះ បាននាំមកនូវបទពិសោធន៍ ចំណេះជំនាញជាច្រើន ដើម្បីមកចូលរួមអភិវឌ្ឍ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
ការអះអាងបែបនេះរបស់លោកស្រី បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រី រួមជាមួយលោកបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញក្នុងពិធីធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី «ចលនាផ្លាស់ទីលំនៅ របស់ប្រជាជនកម្ពុជា ពីឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន» នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកស្រីបានថ្លែងថា នេះគឺជាដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្មទី៤ រាជរដ្ឋាភិបាលបានផ្តោតលើយុវវ័យ ដើម្បីចាប់យកឱកាស និងដើរទៅមុខឱ្យទាន់សភាពការណ៍ នៃសកលភាវូបនីយកម្ម។ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ដល់យុវវ័យ បំផុលចលនាឱ្យយុវជនចេះចាប់យកឱកាសការងារ និងចាប់អារម្មណ៍ លើបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដោយផ្លាស់ប្តូរកម្មវិធីសិក្សាតាមបែបទំនើប អាចចាប់យកជំនាញការងារបច្ចេកទេសយ៉ាង តិចមួយមុខ ឬអាចបន្ថែមមុខជំនាញផ្សេងទៀត ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើ ហើយកិច្ចការទាំងនេះ បានផ្សារភ្ជាប់គ្នាទៅនឹងចលនាផ្លាស់ទី ដែលនៅតែដើរតួសំខាន់ មានការផ្លាស់ទីចេញ និងផ្លាស់ទីចូល ការចល័តតាមថ្ងៃ តាមខែ ដើម្បីចាប់យកការងារធ្វើតាមសមត្ថភាព និងលទ្ធភាពដែលពួកគេមាន។
លោកស្រី អ៊ូ វ័ឌី បានបន្តថា ចំពោះក្រុមមនុស្សស្ថិតក្នុងវ័យដូចគ្នា និងស្រករក្រោយដែលមានបទពិសោធន៍ការងារជាកម្លាំងចលករ និងជាចំណែកជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។ កម្ពុជាមានស្ថិរភាពនយោបាយ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលធ្វើឱ្យកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ច។ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម មានការប្រែប្រួលដោយប្រែក្លាយកម្ពុជា ទៅជាប្រទេសសេវាកម្ម និងកសិឧស្សាហកម្ម។
បន្ថែមពីនេះ បច្ចុប្បន្ននេះ គម្លាតរវាងទីប្រជុំជន និងទីជនបទបានខិតមកជិតគ្នា ប្រែក្លាយមុខមាត់ជាប្រទេសមួយដែលមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមកាន់តែប្រសើរឡើង។ ចលនាផ្លាស់ទីក្នុងប្រទេស និងក្រៅប្រទេស នៅតែមានក្នុងការស្វែង រកការធ្វើដោយរាជរដ្ឋាភិបាល ខិតខំទាក់ទាញអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមកបណ្តាក់ទុនរកស៊ី បើកចំហរទីផ្សារពលកម្មលើពិភពលោក។
លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលជួយជំរុញបន្ថែមដល់ការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមនៅថ្នាក់ក្រោមជាតិក្នុងន័យផ្តល់ការងារ ធ្វើដល់យុវជន កាត់បន្ថយចលនាផ្លាស់ទីទាំងក្នុងស្រុក និងចលនាផ្លាស់ទីចេញទៅក្រៅប្រទេស ដោយអនុគ្រោះ ឬកាត់បន្ថយការយកពន្ធ ក្នុងដំណាក់កាលដំបូង និងរដ្ឋជួយទប់ស្កាត់នូវការហូរចូលពីប្រទេសក្រៅនូវអ្វីដែលកម្ពុជាមាន ដើម្បីជួយឱ្យផលិតផលក្នុងស្រុកអាចដំណើរការ ទៅបានដោយរលូន៕