(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់កងកម្លាំងទាំងអស់ ត្រូវសហការគ្នាចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះធម្មជាតិ នៅតាមមូលដ្ឋានឲ្យបានល្អបំផុត។
ការអំពាវនាវរបស់សម្តេចក្រឡាហោម បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ចំនួន ២៧៩គ្រួសារ នៅសាលាឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កងកម្លាំងគ្រប់ប្រភេទត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយនាំគ្នាចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កន្លងមក និងត្រៀមកម្លាំងជានិច្ច សម្រាប់ចុះជួយឲ្យបានទាន់ពេលវេលា។ សម្តេចអះអាងថា ប្រសិនបើអាជ្ញាធរចុះទៅជួយទីកន្លែងរងគ្រោះថ្នាក់ ដោយសារធម្មជាតិ តែបែរជាខ្វះខាតសម្ភារដោយប្រការណាមួយនោះ ត្រូវរាយការណ៍ជូនសម្តេច ហើយសម្តេចនឹងជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានចូលរួមសោកស្តាយជាខ្លាំង ដែលប្រជាពលរដ្ឋទាំង២៧៩គ្រួសារ ត្រូវបានទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ គឺខ្យល់កន្រ្តាក់នេះផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍អភិបាលស្រុកថ្មគោល បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងមក មានចំនួន៦ឃុំ ក្នុងចំណោម១០ឃុំ ក្នុងស្រុកថ្មគោល ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧៩គ្រួសារ។ ក្នុងនោះមាន២៨គ្រួសារធ្ងន់ធ្ងរ ដួលរលំទាំងស្រុង និងរងគ្រោះមធ្យមចំនួន២៥១គ្រួសារ សរុបទាំងអស់មាន២៧៩គ្រួសារ។
ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ ដួលរលំផ្ទះស្រុងចំនួន២៨គ្រួសារ ត្រូវបានទទួលអំណោយពីសម្តេចក្រឡាហោម ស ខេង ក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺនរៀល សង្កសី២០សន្លឹក ទឹកបរិសុទ្ធ១កេស អង្ករ២៥គីឡូក្រាម មី១កេស។ សម្រាប់ប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន២៥១គ្រួសារ បានទទួលអំណោយ ក្នុង១គ្រួសារបានថវិកា២០ម៉ឺនរៀល សង្កសី១០សន្លឹក ទឹកបរិសុទ្ធ១កេស អង្ករ២៥គីឡូក្រាម និងមី១កេសផងដែរ៕