(ពោធិ៍សាត់)៖ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ជំនួសមុខឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ជូនដល់និវត្តន៍ជន និងអតីតយុទ្ធជនចំនួន៦១គ្រួសារ លើ១៥៧គ្រួសារ ស្មើនឹង១១៤ប័ណ្ណ នៅសហគមន៍ផ្ទះ១០០ ភូមិសមសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បន្ទាប់ពីមតិស្វាគមរបស់ លោកអភិបាលរងខេត្តរួចមក ទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាជិកទាំងអស់។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានអរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំធ្វើប័ណ្ណកម្មសិទ្ធជូនបងប្អូន នឹងសុំឲ្យអ្នកដែលទទួលបានប័ណ្ណកម្មសិទ្ធិ ត្រូវថែរក្សាឲ្យបានល្អកុំលក់ដូរត្រូវគិតគូរឲ្យបានវែងឆ្ងាយ ដើម្បីអនាគតខ្លួនឯង ហើយចំពោះ បងប្អូន ដែលនៅសល់សូមឲ្យក្រុមការងារ ខិតខំបំពេញបែបបទដើម្បីផ្តល់ជូនបន្តទៀតឲ្យបានគ្រប់គ្នា ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើលឡើង ពីបទពិសោធរបស់ខេត្តស្វាយរៀង និងឧត្តរមានជ័យ ដោយអភិបាលខេត្ត បានប្រគល់ឲ្យតាមមន្ទីរជុំវិញខេត្ត ចែកគ្នាជួយតាមគ្រួសារអតីតយុទ្ធជន នឹងសុំឲ្យខេត្តរៀនសូត្រ តាមខេត្តទាំងពីរខាងលើ។
ជំនួសមុខសមាជិកដែលទទួលបានប័ណ្ណកម្មសិទ្ធ លោក ចាន់ សុភា ជាអតីតយុទ្ធជន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ដីផ្តល់ផ្ទះជូនពួកគាត់ ធ្វើឲ្យ ជីវភាពពួកគាត់បានប្រសើរឡើង សូមឲ្យសម្តេចទាំងពីរ និងក្រុមគ្រួសារ មានសុខភាពល្អ ទទួលបានជោគជ័យ ក្នុងការដឹកនាំប្រទេសទទួលបានការរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ លោកក៏បាន ថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជំរុញឲ្យក្រុមការងារជំនាញចុះបំពេញឯកសារផ្តល់ប័ណ្ណកម្មសិទ្ធ ជូនពួកគាត់ និងសូមអរគុណទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាក ជូនពួកគាត់ ជាក់ស្តែងថ្ងៃនេះជាលើកទី៣៕