(ភ្នំពេញ)៖ តើយើងត្រូវធ្វើដូចម្តេច ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ និងទីសាធារណៈ? ចម្លើយ ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះយើងត្រូវ៖ សំអាតផ្ទះ រៀបចំប្រដាប់ប្រដា សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់ មិនចោលសំរាមពាលវាលពាសកាល ដោយនៅខាងក្រៅផ្ទះធ្វើយ៉ាងណា បំបាត់ភក់ជ្រាំនៅជុំវិញផ្ទះ បើអាចដាំដើមឈើជុំវិញផ្ទះឲ្យស្រស់បំព្រង និងលំនៅដ្ឋានត្រូវបើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងពន្លឺអាចចេញចូលបាន។

ចំពោះទីធ្លាសាធារណៈក៍មិនខុសគ្នាប៉ុន្មានដែរយើងត្រូវ៖ ស្រលាញ់ទ្រព្យសាធារណៈ ហាមចោលសំរាម និងកាកសំណល់តាមទីសាធារណៈ និងបន្តផ្សព្វផ្សាយអប់រំឲ្យកាន់តែទូលំទូលាយ អំពីការយល់ដឹងពីបរិស្ថាន និងអនាម័យ។

ជាក់ស្ដែងនៅតាមដងផ្លូវតូច-ធំជាច្រើន ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ពេញមួយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយភ្នាក់ងារឃ្លាំមើលសំរាមតាមសង្កាត់ និងភ្នាក់ងារប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ិន ទ្រី បាននាំគ្នាធ្វើអនាម័យ ដើម្បីប្រមូលរាល់កាកសំណល់សំរាមនានា ក្នុងការរក្សាបរិស្ថានឲ្យបានល្អ ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ ទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុលលាងសម្អាតផ្លូវ ជូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរ ដោយសវត្ថិភាព ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងឲ្យលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ។

សកម្មភាពនេះ លោក ជា ពិសី បានលើកឡើង ដើម្បីជំរុញជាបន្តបន្ទាប់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ និងគណៈបញ្ជាការឯកភាពប្រចាំខែ អំពីអនាម័យ មានសារៈសំខាន់ណាស់សម្រាប់សុខភាព ប្រជាពលរដ្ឋរស់នៅ ជាពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅលើកការបោះចោលសំរាម គ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជានៅតាមមុខលំនៅដ្ឋាននានា គឺជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់ និងណែនាំឲ្យប្រជាពលរដ្ឋ មានការចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើការវេចខ្ចប់សំរាម ដាក់ស្បោងប្លាសស្ទិកឲ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនមកប្រមូលយក ដើម្បីរក្សាសោភ័ណភាពទីក្រុង។

លោក ជា ពិសី បានលើកឡើងដើម្បីជំរុញបញ្ហាកាកសំណល់សំរាម គឺចាំបាច់ណាស់ត្រូវធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ ក្នុងពេលយកសំរាមទៅបោះចោល នៅតាមដងផ្លូវទីសាធារណៈ និងមានវិធានការផាកពិន័យ ប៉ុន្តែវិធានការផាកវិន័យនោះ ពុំសូវទទួលបានលទ្ធផលល្អប្រសើរឡើយ សំខាន់ ផ្ដើមចេញពីការផ្សព្វផ្សាយអប់រំ ឲ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមថែរក្សា ការពារបរិស្ថានក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ អនាម័យល្អ និងមានខ្យល់អាកាសបរិសុទ្ធ គឺផ្តើមចេញពីពួកយើងទាំងអស់គ្នា៕