(ភ្នំពេញ)៖ ជារឿងត្រេកអរមួយសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ នៅពេលនេះអន្លង់ផ្សោតកាំពី ទទួលបានកូនផ្សោតថ្មីមួយទៀតហើយ កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០១៩នេះ។

កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែមេសានេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គការសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា (WWF-កម្ពុជា)។

អង្គការ WWF បានបញ្ជាក់ថា កូនផ្សោតទើបកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រហែលជាប្រាំពីរថ្ងៃត្រូវបានប្រទះឃើញ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណជាប្រាំក្បាល ស្ថិតក្នុងអន្លង់កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ ១៤៖៣៥នាទីរសៀល ដោយក្រុមការងារស្រាវជ្រាវរួមរវាងរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។

WWF បានចាត់ទុកវត្តមានកូនផ្សោតទើបកើតថ្មីនេះ ជាលទ្ធផលថ្មីមួយទៀតក្នុងឆ្នាំ២០១៩នេះ ដោយបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។ លទ្ធផលនេះជាការឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរ ក្នុងការងារអភិរក្សរវាងអង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងដៃគូអភិរក្សផ្សេងៗទៀត ដូចជា អាជ្ញាធរមូលដ្ឋាន ម្ចាស់ផ្តល់មូលនិធិ អង្គការដៃគូ ប្រជាសហគមន៍ សាធារណជនទូទៅ និងក្រសួងបរិស្ថាន ក្រសួងទេសចរ និងរដ្ឋបាលខេត្តក្រេចេះ និងស្ទឹងត្រែងផងដែរ។

បើតាមលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ធ្លាប់បានប្រាប់ Fresh News ឲ្យដឹងថា សត្វផ្សោតនៅទន្លេមេគង្គបានកើតជារៀងរាល់ឆ្នាំ។ ក្នុងនោះឆ្នាំ២០១៥ កើតបាន១២ក្បាល, ឆ្នាំ២០១៦ កើតចំនួន១១ក្បាល, ឆ្នាំ២០១៧ កើតចំនួន៩ក្បាល និងឆ្នាំ២០១៨ កើតចំនួន៩ក្បាល។

លោក អេង ជាសាន បានអះអាង បច្ចុប្បន្ននេះផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានចំនួនសរុបជាង ១០០ក្បាល។ លោកក៏បានសម្តែងការអបអរសាទរ ចំពោះវត្តមានកូនផ្សោតថ្មី ដែលជាប្រភេទសត្វកម្រមួយនៅកម្ពុជា។

សត្វផ្សោតនៅទន្លេមេគង្គនៅអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ និងអន្លង់ផ្សោតនៅខេត្តស្ទឹងត្រែង កំពុងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិដ៏ទាក់ទាញមួយនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋបាលជលផល បានចាត់ទុកវត្តមានសត្វផ្សោតថ្មីនេះ នឹងក្លាយជាការរួមចំណែកសំខាន់មួយទៀត ក្នុងវិស័យទេសចរណ៍នៅតាមដងទន្លេមេគង្គ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍នេសាទចូលរួមការពារសត្វផ្សោតទាំងអស់គ្នា ដើម្បីបង្កើនចំនួនសត្វផ្សោតឲ្យបានកាន់តែច្រើន ក្នុងទន្លេមេគង្គរបស់ប្រទេសកម្ពុជា៕