(ភ្នំពេញ)៖ បន្ទាប់ពីចំណាយរយៈពេលជិត១ឆ្នាំទីបំផុតសៀវភៅស្ដីពី «ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ» ដែលរៀបរៀងដោយធនាគារជាតិនៃកម្ពុជា ត្រូវបានដាក់សម្ពោធ និងផ្សព្វផ្សាយជាផ្លូវការ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
សៀវភៅស្ដីពី «ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០១៨» ធ្វើឡើងក្រោមការចូលរួមពី លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោកស្រី ជា សិរី អគ្គនាយកបចេ្ចកទេស ធនាគារជាតិនៃកម្ពុជា, លោក ឃូ វុឍ្ឍី អគ្គនាយករងធនាគារជាតិនៃកម្ពុជា ព្រមទាំងសាធារណជនជាច្រើនទៀតផង។
នេះជាលើដំបូងដែលធនាគារជាតិនៃកម្ពុជា ចង់ក្រងសៀវភៅស្ដីពី «ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា» បន្ទាប់ពីបង្កើតគណៈកម្មាធិការ ស្ថិរភាពហិរញ្ញវត្ថុរយៈពេល៨ឆ្នាំ។
លោកស្រី នាវ ច័នថាណា បានឲ្យដឹងថា «សៀវភៅនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីលទ្ធផលនៃការតាមដាន និងវិភាគស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ ជូនក្រសួងស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជន បានស្វែងយល់ពី ស្ថានភាពវិស័យហិរញ្ញវត្ថុ, ការអភិវឌ្ឍន៍, បញ្ហាប្រឈម និងហានិភ័យដែលអាចកើតឡើងជាយថាហេតុ ចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា»។
លោកស្រីបន្ដថា «នេះជាលើកដំបូង ដែលធនាគារជាតិនៃកម្ពុជា បោះផ្សាយសៀវភៅស្តីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីបង្កើតគណៈកម្មាធិការស្ថិរភាពហិរញ្ញវត្ថុ នៅធនាគារជាតិកាលពី៨ឆ្នាំមុន។ ខ្ញុំសូមបញ្ជាក់ថា ធនាគារជាតិ បានពង្រឹងយន្តការ តាមដានស្ថិរភាពហិរញ្ញវត្ថុ ជាមួយនឹងការអភិវឌ្ឍសមត្ថភាពធនធានជំនាញ ចាប់តាំងពីឆ្នាំ២០១១មក ក្រោមការផ្តល់ជំនួយបច្ចេកទេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិ»។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សៀវភៅស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៨នេះ នឹងក្លាយជាឯកសារមួយដ៏មានតម្លៃ សម្រាប់ជូនសាធារណជនក្នុងការសិក្សាស្វែងយល់ពី វិស័យហិរញ្ញវត្ថុ និងផ្តល់ជាធាតុចូលមួយក្នុងការរៀបចំគោលនយោបាយនានា របស់វិស័យសាធារណៈ និងឯកជន ពិសេសវិនិយោគិន, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានា ក្នុងការសម្រេចចិត្តលើការវិនិយោគ, ពង្រីកអាជីវកម្ម និងពង្រឹងកិច្ចការពារហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ឱ្យបានកាន់តែប្រសើរ សំដៅរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងបរិយាប័ន្នដែលនឹងគាំទ្រ ដល់គោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកស្រី ជា សិរី បានឲ្យដឹងថា គោលបំណងនៃការចង់ក្រងសៀវភៅនេះធ្វើឡើង ដើម្បីផ្ដល់ព័ត៌មានដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបានយល់ពីការអនុវត្តន៍សេដ្ឋកិច្ច និងស្ថានភាពស្ថេរភាពហិរញ្ញវត្ថុ។ មួយវិញទៀតចង់បង្ហាញពី ការវិភាគដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមិនពាក់ព័ន្ធតែអាចនឹងពាក់ព័ន្ធនៅពេលអនាគត ឲ្យយល់ដឹងអំពីបញ្ហានានា។
លោកស្រីបន្ដថា សៀវភៅស្ថានភាពស្ថិរភាពហិរញ្ញវត្ថុបានវិភាគពី គោលនយោបាយមួយចំនួនអាចដាក់ចេញ និងកាត់បន្ថយហានីភ័យ ហើយនេះជាតួនាទីមួយរបស់ធនាគារជាតិនៃកម្ពុជា ជួយផ្សព្វផ្សាយការងារដែលបានធ្វើ ទៅដល់សាធារណជន ព្រមទាំងដល់គណៈរដ្ឋមន្រ្ដី, រដ្ឋសភាពជាដើម ដើម្បីបែងចែកព័ត៌មាននេះ ក៏ដូចជាតម្លាភាពនៃធនាគារជាតិនៃកម្ពុជា។
បន្ថែលើសពីនេះលោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានពន្យល់លម្អិតអំពីខ្លឹមសារនានា ដែលមានក្នុងសៀវភៅស្ថានភាពស្ថេរភាពហិរញ្ញវត្ថុនៅកម្ពុជា យ៉ាងក្បោះក្បាយដល់សាធារណជនថែមទៀតផង៕