(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា និងក្រុមការងារកិច្ចកាហាទ្បាលកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានជួបប្រជុំពិភាក្សាការងារជាមួយ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for SMEs of Cambodia) ហៅកាត់ថា FASMEC និងជាសហប្រធានក្រុមការងារ ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា រួមជាមួយ សមាជិក-សមាជិកា សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានលើកឡើងថា លោកពិតជាមានការចាប់អារម្មណ៍ ទៅលើសក្តានុពល ទីផ្សារស្តង់ដាហាឡាល់ជាខ្លាំង។ លោកនឹងបន្តជំរុញផ្នែកស្មារតី និងធនធានធ្វើយ៉ាងណាផ្សព្វផ្សាយពីវិសាលភាព នៃឧស្សាហកម្មស្តង់ដា ហាឡាល ឲ្យបានទូលំទូលាយទៅដល់បណ្តាសហគ្រិនរបស់យើង។
លោកបន្តថា លោកនឹងបង្កើត ក្រុមការងារ ដើម្បីឲ្យមានការទំនាក់ទំនងគ្នា ជាមួយ ក្រុមការងារ ខាងកិច្ចការហាឡាលកម្ពុជា ដើម្បីឲ្យមានការសិក្សារស្វែងយល់ និងស៊ីជម្រៅបន្ថែមទៀត អំពីឧស្សាហកម្មស្តង់ដាហាឡាលនេះ។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ឧស្សាហកម្មហាឡាលកម្ពុជា បាននិងកំពុងចូលរួមចំណែកលើកស្ទួយ វិស័យសេដ្ឋ កិច្ច និងកំណើនវិស័យ ទេសចរណ៍ កម្ពុជា ក្រោយពីអនុក្រឹត្យហាឡាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដាក់ឲ្យដំណើរការ។
លើសពីនេះ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បាននឹងកំពុងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ អ្នកវិនិយោគជាតិ និងអន្តរជាតិ ព្រោះកម្ពុជាមានពប្រភព និងវត្ថុធាតុដើមច្រើន ដែលមកដល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន សត្វឃាត្តដ្ឋានកម្ពុជា សម្រាប់ផលិតផលវត្ថុ ឬសេវាកម្ម ដែលទាក់ទងទៅនឹងផលិតផលម្ហូបអាហារ ផលិតផលសាច់ គ្រឿងសម្អាង ផលិតផលថែរក្សាសម្ផស្ស ឱសថ អាហារបំប៉ន គ្រឿងផ្សំម្ហូបអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលស្របតាមការអនុញ្ញាតតាមច្បាប់ឥស្លាម បានទទួលវិញ្ញាបនបត្រហាឡាល និងកំពុងបន្តស្នើសុំជាបន្តបន្ទាប់ ដើម្បីប្រកួតប្រជែងលើទីផ្សារហាឡាលពិភពលោក ដែលមានកំណើនរហូតដល់ ៣.៣លានលានដុល្លារ (3.3 Trillion USD) គិតត្រឹមឆ្នាំ២០១៧។
ក្នុងនោះ ផ្នែកម្ហូបអាហារហាឡាលមានរហូតដល់ ១លានលានដុល្លារ (1.0 Trillion USD) ជាពិសេសលើវិស័យទេសចរណ៍កម្ពុជាមានការកើនឡើងដល់ ៦.២លាននាក់ សម្រាប់ឆ្នាំ២០១៨ និងអាចកើនដល់ ៧ លាននាក់ នាឆ្នាំ២០១៩នេះ ព្រោះហាឡាលនឹងជំរុញលើកស្ទួយគាំទ្រនូវផលិតផល វត្ថុ ឬសេវាកម្មទាំងអស់នោះ ឲ្យកាន់តែរីកចម្រើនច្រើនសម្រាប់ការប្រើប្រាស់ របស់មនុស្សជាតិទូទៅ ជាពិសេសសហគមន៍ឥស្លាមដែលមានជាង ១.៨ពាន់លាននាក់ នៅក្នុងពិភពលោក៕