(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិមួយ ក្នុងន័យលើកកម្ពស់ពាណិជ្ជកម្មរវាងអាស៊ី និងប៉ាស៊ីហ្វិក និងដើម្បីឆ្លើយតបយ៉ាងសកម្មនូវយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ដែលជាយុទ្ធសាស្រ្តជំរុញគោលដៅអភិវឌ្ឍន៍នៃ «សមត្ថភាពផលិតកម្មកាត់បន្ថយសារពើភ័ណ្ឌ និងការអភិវឌ្ឍនៃរង្វង់សេដ្ឋកិច្ច អាស៊ី និងប៉ាស៊ីហ្វិក» ហើយពិព័រណ៍អន្តរជាតិនេះមានការចូលរួមពី នាយកដ្ឋានពាណិជ្ជកម្ម ប្រចាំស្ថានទូតចិននៅកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងវប្បធម៌។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៩ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ដែលរៀបចំដោយក្រុមហ៊ុនពិព័រណ៍អន្តរជាតិ «វ៉ាងនីគ្រុប» និងមានដៃគូសហការឧបត្ថម្ភជាលើកដំបូងរួមមាន៖ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម «ហ៊ូណាននៅកម្ពុជា» គេហទំព័រអចលនទ្រព្យ និងមជ្ឈមណ្ឌលផ្សព្វផ្សាយវិទ្យុអារ៉ាប់ប៉េកាំង។
សម្រាប់ពិព័រណ៍អន្តរជាតិចំរុះនេះរួមមាន៖ តំបន់ពិព័រណ៍ផលិតផលទេសចរណ៍, តំបន់ពិព័រណ៍ផលិតផលឧស្សាហកម្ម, តំបន់ពិព័រណ៍ផលិតផលកសិកម្មនិងសុខភាព, តំបន់ពិព័រណ៍ផលិតផលសំលៀកបំពាក់, ស្បែកជើង, មួក, តំបន់ពិព័រណ៍ផលិតផលអាហារ, តំបន់ពិព័រណ៍ផលិតផលគ្រឿងក្រអូប, តំបន់ពិព័រណ៍ផលិតផលឡានម៉ូតូ, តំបន់ពិព័រណ៍ផលិតផលផ្នែកសំណង់, តំបន់ពិព័រណ៍ផលិតផលគ្រឿងអេឡិចត្រូនិច, តំបន់ពិព័រណ៍ផលិតផលសំណង់អគារ, តំបន់ពិព័រណ៍ផលិតផលទូរគមនាគមន៍។
កម្ពុជា និងចិន រៀបចំពិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះឡើង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រីកឥទ្ធិពល នៃផលិតផលម៉ាកយីហោរបស់ប្រទេសចិននៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ និងម្យ៉ាងវិញទៀតប្រទេសកម្ពុជានឹងក្លាយទៅជា មជ្ឈមណ្ឌលកណ្តាលសម្រាប់ប្រទេសចិន ក្នុងការប្រមូលផ្តុំឱកាសពាណិជ្ជកម្មដ៏ធំនៅក្នុងពាណិជ្ជកម្ម រវាងអាស៊ី និងប៉ាស៊ីហ្វិក និងដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹង ការអភិវឌ្ឍគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ការជំរុញគោលដៅអភិវឌ្ឍន៍លើ «ចង្វាក់ផលិតកម្ម សារពើភណ្ឌ អភិវឌ្ឍន៍ទីផ្សារសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍» ជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់ និងស្របពេលដើម្បីផ្លាស់ប្តូរនូវទម្រង់សេដ្ឋកិច្ចពិតៗ ទៅជាលក្ខណៈច្នៃប្រឌិតនិងទំនើប ប្រែក្លាយផលិតផលដែលលើសលប់ទៅជាធនធានដែលកម្រ សម្រេចបាននូវការសហការ និងផ្លាស់ប្តូរលើការផលិតទំនិញនិងតម្រូវការ ៕