(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា នៅសម្រាប់រយៈពេល៣ខែដើមឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានចំនួនប្រមាណ ៩៦ ប៊ីលានរៀល ស្មើនឹងប្រមាណ២៤លានដុល្លារ លើចំនួនអចលនទ្រព្យប្រមាណ ២០ ៥០០ មូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំផ្សព្វផ្សាយ ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសានេះ។

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ» ក្រោមអធិបតីភាពរបស់លោកបណ្ឌិត កែន សម្បត្តិ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

កិច្ចប្រជុំនេះមានការចូលរួមរបស់ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ និងសមាជិកនៃសមាគមទាំងពីរ សរុបចំនួន១២០នាក់។

លោក កែន សម្បត្តិ បានបញ្ជាក់ថា «នៅឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួនប្រមាណ ៣៨៨ ប៊ីលានរៀល (ប្រមាណ ៩៧ លានដុល្លារ) លើចំនួនអចលនទ្រព្យប្រមាណ ៥៥ ៦០០ មូលដ្ឋាន ស្មើនឹង ១៣៤,៤%នៃផែនការ ។ ដោយឡែក សម្រាប់រយៈពេលបីខែដើមឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធនេះ បានចំនួនប្រមាណ ៩៦ ប៊ីលានរៀល (ប្រមាណ ២៤ លានដុល្លារ) លើចំនួនអចលនទ្រព្យប្រមាណ ២០ ៥០០ មូលដ្ឋាន ស្មើនឹង ៣៣,៦% នៃផែនការ»

ក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់លោក គង់ វិបុល ដែលតែងតែទទួលយកនូវធាតុចូលពីវិស័យឯកជន និងបានដោះស្រាយនូវបញ្ហានានាពាក់ព័ន្ធនឹងពន្ធដារ ដើម្បីធ្វើការកំណែទម្រង់អគ្គនាយកដ្ឋានកាន់តែប្រសើរឡើង ហើយសមាគមរបស់លោក បានត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ។

ជាមួយគ្នានេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈប្រយោជន៍នេះឡើង និងគូសបញ្ជាក់ពីការត្រៀមលក្ខណៈក្នុងការផ្ដល់កិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្សព្វផ្សាយនូវប្រកាសលេខ ៣៤៣ សហក.ប្រកចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ៕