(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធក្លោងទ្វារសាលាអគារស្នាក់នៅរបស់សិក្ខាកាម និងសំណេះសំណាលជាមួយនិស្សិតនាយទាហានសកម្មជំនាន់ទី២២-២៣ នៅសាលានាយទាហានសកម្ម ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងនូវការសប្បាយរីករាយ និងអបអរសាទរដល់បេក្ខជនដែលបានប្រលងជាប់ ជានាយទាហានសកម្មជំនាន់ទី២២-២៣ និងអរគុណចំពោះការសម្រេចចិត្ត ចូលបម្រើក្នុងជួរកងទ័ព ដែលបានប្អូនៗ បានព្យាយាមដាក់ពាក្យប្រលងកន្លងមក ខណៈដែលបច្ចុប្បន្ន វិស័យការងារ គឺមានជម្រើសច្រើនណាស់ទាំងការងាររដ្ឋ ការងារឯកជន ស្ថាប័នអង្គការ NGOផ្សេងៗ។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ការជ្រើសរើសវិស័យយោធាដែលប្អូនៗ ខិតខំប្រឹងប្រែងរៀនសូត្រត្រៀមប្រលង រហូតទទួលបានជោគជ័យ ឆន្ទៈ ជំហររឹងមាំ មិនបោះបង់រត់ចោលការសិក្សា ការហ្វឹកហាត់ មកដល់ពេលនេះហើយ គឺបង្ហាញពីតម្លៃ នៃឱកាសដែលប្អូនៗ រៀននៅសាលានេះ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានពន្យល់ថា អ្នកដែលបានមកអង្គុយនៅលើកៅអីនេះ គឺជាឱកាសមាស កៅអីនីមួយៗ គឺមានតម្លៃណាស់ មិនអាចកាត់ថ្លៃបាន ព្រោះនិស្សិតដែលទទួលបានជោគជ័យនៅថ្ងៃនេះ គឺមានការប្រកួតប្រជែងប្រកបដោយមោទនភាពខ្លួនឯង ក្នុងចំណោមមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែលគេមិនបានប្រលងជាប់ជាស្ថាពរ ដូចអ្នកដែលមានវត្តមាននៅទីនេះ។
ការជាប់នេះ គឺជាប់ដោយការប្រកួតប្រជែង ជាប់ដោយមោទនភាព ហើយបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត នេះជាការប្រកួតប្រជែងដោយយុត្តិធម៌។ ឱកាសមួយទៀត គឺឱកាសពេជ្រដែលបានរៀននៅសាលានេះ ដោយឆ្លងកាត់ប្រកួតប្រជែង ដែលគណៈកម្មាជ្រើសរើសបានខិតខំឲ្យអស់ពីសមត្ថភាព លុបបំបាត់នូវអំពើអវិជ្ជមានទាំងឡាយណា ដែលកើតឡើងក្នុងការប្រលង។
លោកបន្ថែមថា និស្សិតនាយទាហាន ដែលចេញពីសាលានាយទាហានសកម្ម មានឱកាសច្រើននៅក្នុងការទទួលបានភាពជោគជ័យ នៅក្នុងការប្រើប្រាស់យុទ្ធវិធី ជំនាញ និងភាពជាអ្នកដឹកនាំ ដែលនេះជាឱកាសមាសដែលប្អូនៗ ទទួលបាននៅការបណ្ដុះបណ្ដាលឲ្យមានលទ្ធភាព និងស្នាដៃ ពេលចេញទៅបម្រើការងារ នៅតាមអង្គភាព។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ថ្នាក់ដឹកនាំសាលា ព្រឹទ្ធាចារ្យ និងគ្រូគ្រប់គ្រង មានមោទនភាពណាស់ចំពោះប្អូនៗ ដែលបានប្រឡងជាប់ហើយខិតខំតស៊ូ រៀនសូត្ររហូតទទួលបានជោគជ័យនៅថ្ងៃនេះ។
លើសពីនេះ លោកក៏បានថ្លែងអំណរឍគុណដល់ថ្នាក់ដឹកនាំសាលា ដល់នាយក នាយករង លោកគ្រូគ្រប់ជំនាញ និងបុគ្គលិករបស់សាលាទាំងអស់ ដែលខិតខំដឹកនាំសាលានេះ ឲ្យដំណើរការស្វះស្វែងរកការឧបត្ថមគាំទ្រ និងបានដោះស្រាយរាល់បញ្ហាលំបាក សម្រាប់ការអនុវត្តផែនការហ្វឹកហ្វឺន ការងារគ្រប់គ្រង២៤ម៉ោង ដើម្បីផ្តល់ឱកាសឲ្យយុវជនជាង២០០នាក់ ប្រែក្លាយជាយុវជនស៊ីវិលទៅជានាយទាហានម្នាក់ ប្រកបដោយសមត្ថភាពពេញលេញ ពោរពេញដោយការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លា ក្នុងការការពារប្រទេសជាតិទាំងមូល នាថ្ងៃខាងមុខ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រទេសកម្ពុជាមិនមានសង្គ្រាមរហូតនោះទេ ប៉ុន្តែការការពារជាតិ គឺត្រូវផ្ទេរពីជំនាន់មួយទៅជំនាន់ ដើម្បីការពារជាតិ និងប្រជាជន។ ប្រទេសយើងមានសុខសន្តិភាពមកដល់ពេលនេះ គឺមិនមែនចៃដន្យទេ ទី១៖ការបញ្ចប់សង្គ្រាម ដោយយុទ្ធសាស្ត្រឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន និងទី២៖ ការខិតខំការពាររបស់កងកម្លាំងប្រដាប់អាវុធ។ ដូច្នេះកាតព្វកិច្ចរបស់យើង ត្រូវត្រៀមគ្រប់ពេលវេលា ក្នុងការបណ្ដុះបណ្ដាលជំនាញរបស់កងទ័ព និងការការពារជាតិ និងប្រជាជន ព្រោះប្អូនៗនេះហើយជាអ្នកទទួលខុសត្រូវ សម្រាប់រយៈពេលទៅមុខទៀត៕