(បន្ទាយមានជ័យ)៖ ជនមានពិការភាពក្រីក្រ ក្នុងខេត្តបន្ទាយមានជ័យ នឹងទទួលបានរបបឧបត្តម្ភគោលនយោបាយ ពីរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នេះ។
លោក ហាច ហ៊ាន បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងតែរួមសហការគ្នា ក្នុងការអនុវត្តការងារពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ជាពិសេសការប្រមូលទិន្នន័យដំបូងសម្រាប់ជនពិការទូទៅនៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយនឹងការអនុវត្តគោលនយោបាយខាងលើនេះ គិតចាប់ពីឆ្នាំ២០១៦ មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជនពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ ចំនួន ១១.៦២៨នាក់ ក្នុងខេត្តចំនួន១០ គឺខេត្តត្បូងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
សម្រាប់ឆ្នាំ២០១៩ នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន៥ ខេត្តថ្មីបន្ថែមទៀត រួមមានខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។
លោក ហាច ហ៊ាន បានបន្ថែមទៀតថាបច្ចុប្បន្ន ជនមានពិការភាព មិនត្រូវបានគេរើសអើង នឹងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៨ កន្លងទៅ ជនពិការចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០មានជនពិការចំនួន ២.៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១.៤៧៨នាក់ ស្មើនឹង៤.៤៧១នាក់ បើគិតជាភាគរយ ១,៩៣%។
ដោយឡែក វិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ) ស្ថិតិក្រសួង បានសាកល្បង លើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧៧អង្គភាព គឺមានជនពិការចូលបម្រើការងារ ចំនួន៣.០៥៥នាក់ ក្នុងមានស្រ្តី១.៩៤៧នាក់ កម្រិតធ្ងន់ចំនួន ៤២០នាក់ សរុបគឺស្មើ ៣.៤៧៥នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទាំងមូល មានចំនួនជនពិការ ៥.៨៦៨នាក់។ ជាមួយគ្នានេះដែរ ក្រសួងបានជំរុញការលើកកម្ពស់ជនពិការក្រីក្រ តាមរយៈគោលនយោបាយ លិខិតបទដ្ឋាន និងយន្តការនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។
ជាមួយគ្នានេះដែរ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថាខេត្តបន្ទាយមានជ័យកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូរទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាការងារពហុវស័យដែលទាមទារឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោកបានបន្ថែមថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្តបានផ្ដល់លិទ្ធភាពដល់ជនពិការគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការ ក្នុងការសម្ដែងមតិ ទទួលបានព័ត៌មាន។ក្រៅពីនោះ រដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាព សង្គមសម្រាប់ជនពិការដូចជាសកម្មភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ និងសកម្មភាព ផ្សេងៗទៀត។
លោក អ៊ុំ រាត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយដល់ជនពិការក្រីក្រក្នុងសហគមន៍ គឺជាការលើកកំពស់ជីវភាពដល់ជនមានពិការភាព ក្នុង ខេត្តបន្ទាយមានជ័យ អោយមានជីវភាពកាន់តែប្រសើរឡើងមួយកំរិត និងយោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និង ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកយុទ្ធសាស្រ្តអ៊ុនឈាន់ធ្វើឲ្យសិទ្ធិក្លាយ ជាការពិតឲ្យទទួលបានជោគជ័យ៕