(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំ❤️កាកបាទក្រហមកម្ពុជា»។

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីពិនិត្យមើលការងារ ដើម្បីឈានទៅដល់ការប្រារព្ធពិធីអបអរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពិសេសចុះជួយ និងពិនិត្យដោយផ្ទាល់នូវហេតុការណ៍អកុសលណាមួយកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋភ្លាមៗ ។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំ-មន្ត្រីទាំងអស់។ ជាពិសេសសម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវា ៨ ឧសភា ក៏ដូចជាថ្នាក់ដឹកនាំ-មន្ត្រីនៃអនុគណៈកម្មការទាំង៤ ដែលបានខិតខំលះបង់បំពេញការងារ ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា មិទ្ទីងថ្នាក់ជាតិ ដើម្បីអបអររខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ និងអបអរខួប១០០ឆ្នាំ នៃការបង្កើត
សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ រួមទាំងសប្បុរសជនចូលរួមប្រមាណ ៤ពាន់នាក់៕