(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទិ្ធមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១១ថ្ងៃ នាសប្តាហ៍ក្រោយនេះ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៩។ នេះបើយោងតាមការផ្សាយរបស់អង្គការ United Nations Human Rights នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ស្មីត បានថ្លែងថា «ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំ ទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍ នានាចាប់តាំងពីបេសកកម្មរបស់ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក»។ នេះបើតាមការបង្ហោះនៅលើ Facebook របស់ United Nations Human Rights។
អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ នឹងបន្តត្រួតពិនិត្យលើសិទ្ធិមនុស្សទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតជាពិសេសលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាពផងដែរ។
សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៨ លោកស្រី រ៉ូណា ស្មីត បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ១១ថ្ងៃផងដែរ ដោយក្នុងអំឡុងពេលទស្សនកិច្ចនោះ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួនផងដែរ៕