(កំពង់ស្ពឺ)៖ លោក អ៊ុក សារាវុធ អគ្គសវនកររង តំណាងលោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានថ្លែងថា មន្ត្រីរាជការល្អ គប្បីធ្វើការងារប្រកបដោយឆន្ទៈ ស្មោះត្រង់នឹងវិជ្ជាជីវៈរបស់ខ្លួន។

ការបញ្ជាក់របស់លោក អ៊ុក សារាវុធ បានធ្វើឡើងក្នុងឱកាសអាជ្ញាធរសវនកម្មជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកថ្លែងថា អាជ្ញាធរសវនកម្មជាតិជាស្ថាប័នសវនកម្មកំពូលមួយ ដែលមិនអាចខ្វះបានក្នុងប្រទេសនីតិរដ្ឋ ហេតុដូច្នេះហើយអង្គភាព ស្ថាប័ន មន្ទីរជំនាញចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺទាំងអស់ ចាំបាច់ត្រូវសហការសាមគ្គី ជាមួយអាជ្ញាធរសវនកម្មជាតិឲ្យបានល្អ ដើម្បីពង្រីកការគ្រប់គ្រងហិរញ្ញវត្ថុ ការកាត់បន្ថយកំហុសឆ្គង និងការកេងបន្លំថវិកា សំដៅជំរុញការអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោក ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានស្វាគមន៍ចំពោះវត្តមានគណប្រតិភូអាជ្ញាធរសវនកម្មជាតិ ដែលបានឆ្លៀតពេលសហការរៀបចំឱ្យមានសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈកម្ពុជា នៅលើទឹកដីនៃខេត្តកំពង់ស្ពឺ។

លោកអភិបាលរងបានសង្កត់ធ្ងន់ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីបានយល់ដឹងកាន់ច្បាស់ អំពីខ្លឹមសាច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈកម្ពុជា ដូច្នេះហើយសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ស្តាប់ កត់ត្រា និងលើកជាសំណួរឲ្យបានផុលផុស ដើម្បីជំរញការអនុវត្តការងារជាក់ស្តែងឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

លោក អ៊ុក សារាវុធ បានថ្លែងដែរថា សិក្ខាសាលានាពេលនេះមានគោលបំណងចូលរួមជំរុញ និងបង្កើនសមត្ថភាពដល់មន្ត្រីអង្គភាពរងសវនកម្ម បង្កើនជំនឿចិត្តលើកិច្ចការងាររបស់អាជ្ញាធរសវនកម្មជាតិ ពីសំណាក់សាធារណជនក្នុងប្រទេស និងអន្តរជាតិ លើការត្រួតពិនិត្យ ការគ្រប់គ្រងប្រើប្រាស់ហិរញ្ញវត្ថុសាធាណៈរបស់រាជរដ្ឋាភិបាល។ អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ ហើយមានភារកិច្ចត្រួតពិនិត្យ ផ្តល់យោបល់កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម និងធ្វើរបាយការណ៍លទ្ធផលការងាររបស់ខ្លួនជូនអង្គការនីតិបញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា។

សូមបញ្ជាក់ថា ស្តីពីច្បាប់សវនកម្ម និងស្តង់ដារសវនកម្មសាធារណកម្ពុជា បានកំណត់ចំណុចបួនសំខាន់ៗ ត្រូវយកមកបង្ហាញក្នុងអង្គសិក្ខាសាលារួមមាន៖

១. សវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ
២. ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
៣. ខ្លឹមសារនៃច្បាប់សវនកម្ម និង
៤. ស្តង់ដាសវនកម្មសាធារណៈនៃព្រះរាជាណាចកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធចំណុះខេត្តកំពង់ស្ពឺ៕