(ប៉ៃលិន)៖ ថ្លែងទៅកាន់ឱ្យលោក ហ៉ីរ៉ូសិ អាតស៊ូស៉ិ លេខាទីពីរនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់ប្រទេសជប៉ុន បន្តជួយគាំទ្របន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ជាពិសេសតាមតំបន់ដាច់ស្រយ៉ាល។
លោកអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី បានខិតខំកសាង អភិវឌ្ឍន៍នូវសមិទ្ធិផលជាច្រើន ដោយសហការជាមួយដៃគូពីគ្រប់ទិសទី និងប្រើគ្រប់លទ្ធភាព ដើម្បីធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ និងសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរអភិបាលរងខេត្ត ក៏បានថ្លែងអំណគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលកន្លងមកបានផ្តល់ជំនួយឥតសំណងជាច្រើន ដល់ខេត្តប៉ៃលិន ជាពិសេសការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។
ជាកាឆ្លើយតបលោក ហ៉ិរ៉ូសិ អាតស៊ូស៉ិ បានឱ្យដឹងថា កន្លងមកស្ថានទូតជប៉ុនបានជួយដោយផ្ទាល់ដល់ខេត្តប៉ៃលិន តាមរយៈគម្រោងគូសាណូណិ ដោយបានផ្តល់ជំនួយឥតសំណងដល់ខេត្តប៉ៃលិន ចំនួន៣គម្រោងមកហើយ។
លោកបន្តថា កម្រោងទាំងនោះរួមមាន៖ ទី១. គម្រោងជួសជុលផ្លូវបេតុអាមេមួយខ្សែ ប្រវែង៥០០ម៉ែត្រនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ, ទី២. គម្រោងស្ថាបនាលូប្រអប់ចំនួន ២កន្លែង ស្ថិតភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងទី៣. គម្រោងស្ថាបនាផ្លូវគ្រួសល្បាយថ្មភ្នំមួយខ្សែ មានប្រវែង៧,៨០០ម៉ែត្រ ស្ថិតនៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
លោកលេខាទី២ បានសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាព ដោយស្របទៅតាមគោលបំណងរបស់គម្រោងជំនួយឥតសំណងគូសាណូណិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង។
សូមបញ្ជាក់ថា គម្រោងជំនួយឥតសំណង គូសាណូណិ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បច្ចុប្បន្នកំពុងសិក្សាផ្លូវលំមួយខ្សែរប្រវែង ៦៣០០ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ លំបាកក្នុងការធ្វើចរាចរណ៍ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការជួយកសាងជាផ្លូវក្រាលក្រួស នាពេលខាងមុខ៕