Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌចំការមន ទើបទទួលការតែងតាំង យករថយន្តដឹកទឹកបាញ់ស្រោចតាមទីធ្លា សាលាបឋមសិក្សាក្នុងខណ្ឌចំការមន

24-04-2019 16:11

(ភ្នំពេញ)៖ តាមការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ ក្នុងកាត់បន្ថយកំដៅដែលអាកាសធាតុប្រែប្រួលឡើងខ្លាំង និងបង្កាកុំឲ្យកើតមានជំងឺជាយថាហេតុនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលទើបទទួលបានការតែងតាំងថ្មី បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកស្រោចទីធ្លា តាមសាលាបឋមសិក្សានានា នៅក្នុងខណ្ឌចំការមន។

ជាក់ស្តែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ លោក ថេង សុថុល រួមជាមួយអភិបាលរង លោក ប៊ុន សុភ័ក្រ បានយករថយន្តបាញ់ទឹក ទៅបាញ់ស្រោចទីធ្លាសាលាបឋមសិក្សាវត្តទួលទំពូង អោយត្រជាក់ឥដ្ឋ កាត់បន្ថយកំដៅថ្ងៃ ដែលជះសាយភាយកំដៅពីឥដ្ឋ ពីបេតុង កុំឲ្យក្តៅដល់កូនសិស្សាចេញពីក្នុងថ្នាក់ រត់លេងលើទីធ្លាសាលានោះ។

សូមបញ្ជាក់ថា នៅក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សាចំនួន ៥ ដែលមានក្មេងៗ រៀនសូត្រ ហើយក្រមការងារដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌទើបប្រកាសតំណែងថ្មី បាននិងកំពុងបាញ់ទឹកស្រោចទីធ្លាទាំង៥នេះ។ លោក ថេង សុថុល បញ្ជាក់ថា ក្នុងខណ្ឌចំការមន មានសាលាបឋមសិក្សាចំនួន ៥ទីតាំង ដែលលោកបានបញ្ជាឲ្យរថយន្តដឹកទឹកស្រោច តាមសាលានីមួយៗនោះ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា សាលាបឋមសិក្សាទាំង៥នេះ រួមមាន៖ សាលាបឋមសិក្សាវត្តទួលទំពូង, សាលាបឋមសិក្សាសុធារស់, សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងកើត, សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង និងសាលាបឋមសិក្សាទួលទំពូង២៕