(ក្រចេះ)៖ លោក ថោង វីរ៉ាដា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្នួល ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី នាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ៧គ្រួសារ នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែន ស្រុកស្នួល ខេត្តក្រចេះ។
គ្រួសារដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់ ៧គ្រួសារ មាន៣គ្រួសារ រងគ្រោះធ្ងន់ និង៤គ្រួសារទៀត រងការខូចបន្តិចបន្ទួច ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
លោក ថោង វីរ៉ាដា បានចូលរួមសោកស្ដាយជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងរងរបួសផងដែរ ព្រមទាំងផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន នៅពេលភ្លៀងធ្លាក់ត្រូវបិទទូរស័ព្ទ បើនៅតាមទីវាល ត្រូវរកកន្លែងដែលមានសុវត្ថិភាពសម្រាបជ្រក។
ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្នួល ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ពិសេសសូមជួយមើលថែទាំ ក្មេងៗ និងចាស់ជរាឱ្យបានល្អ និងត្រូវរក្សាទុកដាក់ទឹកប្រើប្រាស់ឱ្យបានល្អត្រឹមត្រូវ ព្រោះរដូវក្តៅចូលមកដល់ហើយ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនគ្រួសាររងគ្រោះនាពេលនេះ ក្នុងគ្រួសាររងគ្រោះធ្ងន់ ៣គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, សារ៉ុង ១, មុង១, ភួយ១, ក្រម៉ា១, មី១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, តង់ធំ១ និងថវិកា១០០.០០០រៀល ចំណែកគ្រួសាររងគ្រោះស្រាលចំនួន៤គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, តង់ធំ១ និងថវិកា៥០.០០០ រៀល៕