(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច-កម្ពុជា (PATA) បានរៀបចំព្រឹត្តិការណ៍ «ជំនួបពាណិជ្ជកម្មទេសចរណ៍» លើកទី២ (2nd BZ Far 2019) ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ពិធីបើកព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ព្រឹត្តិការណ៍នេះមានក៏មានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក ពា សុភាព អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយក្រៅប្រទេស នៃក្រសួងទេសចរណ៍ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងជាប្រធានក្រុមហ៊ុនទេសចរណ៍ប៊ីធូប៊ី និងលោក ចាន់ ផល្លា សមាជិក PATA និងអ្នកទិញអន្តរជាតិពីបណ្តាក្រុមហ៊ុនទីភ្នាក់ងារ ទេសចរណ៍ជាង ៤០នាក់ មកពី១០ប្រទេស (អាស៊ាន ឥណ្ឌា ចិន អាមេរិក និងរុស្ស៊ី) អ្នកលក់ក្នុងស្រុក និងអន្តរជាតិ និងអ្នកឧបត្ថម្ភកម្មវិធីជាច្រើន។
លោក ធួន ស៊ីណាន បានឱ្យដឹងថា វេទិកាជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២នេះ បានចូលរួមជួយផ្សព្វផ្សាយ និងជំរុញកំណើនទេសចរណ៍កម្ពុជាឱ្យមានកំណើនកាន់តែប្រសើរ ដោយយើងបានអញ្ជើញប្រតិបត្តិករទេសចណ៍អន្តរជាតិជាច្រើនមកធ្វើទស្សនៈកិច្ចសិក្សា តាមតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជានៅរាជធានីភ្នំពេញ និងសៀមរាប និងចងចំណងមិត្តភាពជាមួយសហគ្រិនទេសចរណ៍ក្នុងស្រុករួមមាន ទីភ្នាក់ងារទេសចរ សណ្ឋាគារ រីសត សារមន្ទី រោងមហោស្រព និងទីកំសាន្តទេសចរណ៍កែច្នៃជាដើម។ ព្រឹត្តិការណ៍នេះនឹងក្លាយជាយុទ្ធសាស្រ្តទីផ្សាមួយ ដែលជំរុញឧហ្សាហកម្មទេសចរណ៍កម្ពុជាឱ្យមានកំណើនឡើងកាន់តែប្រសើរ។
លោក ធួន ស៊ីណាន បានលើកឡើងថា គោលបំណងធំនៃព្រឹត្តិកាណ៍អន្តរជាតិ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជានេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងអាស៊ាន ព្រមទាំងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា សំដៅដល់ការរីកចម្រើនទាំងអស់គ្នា សម្រាប់ការរីកលូតលាស់ពាណិជ្ជកម្មទេសចណ៍ ប្រកបដោយចីរភាព។
ពិព័រណ៍ទេសចរណ៍នេះ ក៏នឹងផ្តល់ឱកាសច្រើនថែមទៀត សម្រាប់អ្នកទិញអន្តរជាតិស្វែងយល់ពីកម្ពុជា និងទទួលបានដៃគូល្អក្នុងការបង្កើនពាណិជ្ជកម្មរបស់ពួកគេ។
លោកបានបញ្ជាក់ឱ្យដឹងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ និសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជានឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្មបន្តទៀត នាខែសីហា នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។
លោក ពៅ ពិសិដ្ឋ បានជម្រាបភ្ញៀវអន្តរជាតិអំពីសក្តានុពលខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ធនធានធម្មជាតិ
និងជាទិសដៅទាក់ទាញបំផុតសម្រាប់ទេសចរណ៍ទូទាំងពិភពលោក។ សៀមរាបក៏ជាតំបន់បេតិកភណ្ឌពិភពលោក ដែលរួមមានមណីយដ្ឋានភ្នំគូលែន និងបឹងទន្លសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។
លោក ប៉ាក់ សុខុម បានឱ្យដឹងថា កម្មវិធីជំនួបវិស័យទេចរណ៍លើកទី២ មានការចូលរួមពីអ្នកទិញអន្តរជាតិក្នុងវិស័យទេចរណ៍ពីប្រទេសចំនួន១០ រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ចិន សិង្ហបុរី អាមេរិក រុស្ស៊ី និងឥណ្ឌា។ ក្រៅពីនេះក៏មានអ្នកលក់ក្នុងស្រុកមកពីឧស្សាហកម្មទេសចរណ៍ រួមមាន ភ្នាក់ងារទេសចរ សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នករៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ នឹងជាវេទិកាសម្រាប់អ្នកធុរកិច្ចក្នុងការពង្រីកភាពជាដៃគូផ្នែកទេសចរណ៍ ហើយមានសារសំខាន់បំផុត
សម្រាប់កំណើនទេសចរណ៍នៅកម្ពុជា។
លោកបានបន្តថា វេទិកាជំនួបពាណិជ្ជកម្មវិស័យទេសចរណ៍នេះមានសារៈសំខាន់ ក្នុងការលើកកម្ពស់ឧហ្សាហកម្មទេសចណ៍កម្ពុជា និងផលិតផលទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសន្តិភាព ស្ថិតស្ថិរដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍរាល់គ្រប់វិស័យ ដែលវិស័យទេសចណ៍ដែលត្រូវបានគេចាត់ទុកជាមាសបៃតង និងនាំចេញនៅនឹងកន្លែងជាមួយនឹងកំណើនឥតឈប់ឈរ។
លោក ប៉ាក់ សុខុម បានឱ្យដឹងថា ឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិ ៦.២លាននាក់ កើនឡើង ១០.៧% ធៀបនឹងឆ្នាំ២០១៧។ ក្នុងចំណោមនោះមានទេសចរ ៤.៣លាននាក់ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិស័យទេសចរណ៍ផ្តល់នូវចំណូល ៤ពាន់លានដុល្លារ។
តាមការប៉ាន់ស្មាន អ្នកទេសចរអន្តរជាតិនឹងកើនឡើងដល់ ៦.៦លាននាក់ នៅឆ្នាំ២០១៩ ដែលនឹងផ្តល់ចំណូលពី ៥-៧ពាន់លានដុល្លារ និងការងារ ១លានកន្លែង នៅឆ្នាំ២០២០ និងផ្តល់ចំណូលពី ១០-១៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីសម្រេចបានសមិទ្ធផលនេះ យើងត្រូវការឱ្យគ្រប់វិស័យទាំងអស់ចូលរួមយ៉ាងសកម្មក្នុងវិស័យទេសចរណ៍ និងត្រូវការផែនការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍៕