(សៀមរាប)៖ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោក ព្រៅ ខេមរិទ្ធ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នឹងតំណាងម្ចាស់ផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារក្រោម ស្ថិតនៅភូម៌វិហារចិន ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប លទ្ធផលរកពុំឃើញទំនិញខូចគុណភាព និងដាក់សារធាតុគីមីនោះទេ។
លោក ព្រៅ ខេមរិទ្ធ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះផ្សារខាងលើ មន្រ្ដីយើងបានធ្វើតេស្ដបឋមដោយប្រើតេស្ដឃីត ដើម្បីរកសាធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារចំនួន១៥មុខ រួមមាន៖ ផ្អកត្រីប្រា, ទំពាំងត្រាំចំណិតធំ, ទំពាំងត្រាំសរសៃតូច, ទំពាំងព្រិចត្រាំ, ស្ពៃជ្រក់ជើងទា, តៅហ៊ូ, សណ្ដែកបណ្ដុះ, សរសៃគុយទាវតូច, មឹកថៃ, បង្គារថៃ, មឹកបំពង់ខ្មែរ, មឹកពីងពាងខ្មែរ នឹងបង្គារថៃ ជាដើម ។ ជាលទ្ធផល យើងទទួលបានល្អ ដោយគ្រប់ម្ហូបអាហារទាំងនោះ ពុំមានរកឃើញសារធាតុគីមី ហាមឃាត់ណាមួយឡើយ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ជាមួយគ្នានោះ លោកប្រធានសាខា បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕