(ភ្នំពេញ)៖ សម័យបច្ចេកវិទ្យា សម័យព័ត៌មានវិទ្យាមិនទាន់មានការរីកចំរើន ព័ត៌មានសាធារណៈងាយនឹងត្រូវបានគេបិទបាំងឬបំភ្លៃបំផ្លើសបានស្រេចនឹងចិត្ត មន្ត្រីខិលខូច និងអ្នកមានលុយមានអំណាចមួយចំនួន រួមទាំងជនទុច្ចរិតផងដែរតែងនាំគ្នាប្រព្រឹត្តបទល្មើស បង្កបង្កើតភាពអយុត្តិធម៏នៅក្នុងសង្គម និងទៅលើ ពលរដ្ឋទន់ខ្សោយស្រេចនឹងចិត្ត។
បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប សម័យហ្វេសប៊ុក សម័យកាម៉េរាសុវត្ថិភាពមានស្ទើរគ្រប់ទីកន្លែង និងពលរដ្ឋមានកាម៉េរាទូរស័ព្ឌថតរូប ថតវីដេអូស្ទើរ គ្រប់ដៃ សម័យផ្សព្វផ្សាយព័ត៌មានបានដោយសេរី។
ដូច្នេះការចង់បិទបាំងព័ត៌មានឬចង់បំភ្លើសបំភ្លៃព័ត៌មានដោយមន្ត្រីខិលខូច និងអ្នកមានលុយមានអំណាច រួមទាំងជនទុច្ចរិតប្រព្រឹត្តបទល្មើសនានាផង គឺកម្រនឹងកំបាំងពីភ្នែកសាធារណជនណាស់ ជាពិសេសការប្រព្រឹត្តបទល្មើស ឬបង្កភាពអយុត្តិធម៌នៅតាមទីសាធារណៈ តែម្ដងយូរនឹងឆាប់ ការប្រព្រឹត្តបទល្មើសឬការបង្កភាពអយុត្តិធម៌ទាំងអស់នោះនឹងលាតត្រដាងជាសាធារណៈ ដឹងដល់មន្ត្រីអនុវត្តច្បាប់ឬថ្នាក់ដឹកនាំមានវិធានការ ច្បាប់ជាក់ជាមិនខាន។
ជាក់ស្ដែងករណីក្មេងស្រីបើករថយន្តស៊េរីទំនើបយ៉ាងលឿនបុកសម្លាប់និស្សិតស្ត្រីម្នាក់នៅទួលគោកកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅបើគ្មានកាម៉េរា សុវត្ថិភាពថតបានរូបភាពជាក់ស្ដែងទេ រឿងអយុត្តិធម៌អាចនឹងកើតមានចំពោះជនរងគ្រោះ និងក្រុមគ្រួសារ តែដោយសារកាម៉េរាសុវត្ថិភាព ទីបំផុតយុត្តិធម៌ត្រូវបាន រកឃើញ ជនបង្កត្រូវបាននាំខ្លួនទៅអនុវត្តតាមច្បាប់ ក្រុមគ្រួសារជនរងគ្រោះទទួលបានសំណងសមរម្យបើទោះបីមិនអាចទិញជីវិតយកមកវិញបានក៏ដោយ។
ករណី មន្ត្រីនគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ដូចមន្ត្រីនគរបាលនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រើអំពើហឹង្សាទៅលើអ្នកបើកបររថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរ ក៏ដូចប្រើអំពើហឹង្សាទៅលើពលរដ្ឋដែលទៅអុកឡុកនៅកន្លែងរាំធុងបាស់នាថ្ងៃចូលឆ្នាំក៏ដូចគ្នា បើគ្មានកាម៉េរារបស់ប្រជាពលរដ្ឋថតរូបភាពបាន ឬគ្មានការចូលរួមពី សាធារណជនអ្នកលេងហ្វេសប៊ុក និងព័ត៌មានអនឡាញធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយទេ ម្ល៉េះភាពអយុត្តិធម៌សំរាប់ជនរងគ្រោះមិនងាយរកឃើញឡើយ ដោយសារតែការបំភ្លៃបំផ្លើសដើម្បីបិទបាំងព័ត៌មានពិតពីមន្ត្រីអ្នកមានលុយមានអំណាច និងអ្នកប្រព្រឹត្តបទល្មើស កាឡៃសាច់រឿងនៅក្នុងករណីទាំងអស់នោះ។
ថ្មីៗនេះ ករណីឧត្តមសេនីយ៏យោធា និងស្ត្រីម្នាក់ដើរឆបោកប្រាក់ពីប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការនាខេត្តកំពង់ធំ យកបានម្នាក់ៗរាប់ពាន់ដុល្លារក្រោមលេសជួយ អោយកូនចៅបានចូលក្របខណ្ឌបំរើការងារនៅក្នុងយោធា នគរបាល ឬគ្រូបង្រៀនជាដើមនោះ បើកុំតែបានព័ត៌មានអនឡាញ និងបណ្ដាញហ្វេសប៊ុករបស់សាធារ ណជនធ្វើការផ្សព្វផ្សាយលឿនយ៉ាងទូលំទូលាយ ទើបធ្វើអោយព័ត៌មាននេះឆាប់បានដឹងដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចមានចំណាត់ការបានទាន់ពេលវេលា បើមិន ដូច្នោះទេ យុត្តិធម៌អាច «នៅឆ្ងាយដូចជើងមេឃ» សំរាប់ជនរងគ្រោះដែលប្រព្រឹត្តមកលើដោយមន្ត្រីមានអំណាច និងជនខិលខូចជាមិនខាន នេះនៅមិនទាន់គិតពីរឿង អយុត្តិធម៌ជាច្រើនទៀតដែលមិនបានរៀបរាប់អស់ផងនោះទេ។
សរុបសេចក្ដីមក សម័យនេះ ជាសម័យបច្ចេកវិទ្យា សម័យព័ត៌មានផ្សព្វផ្សាយជាសាធារណៈតាមអនឡាញបានលឿន សម័យនៅតាមដងផ្លូវ តាមហាង តាមក្រុមហ៊ុន និងមុខផ្ទះភាគច្រើនមានកាម៉េរាសុវត្ថិភាព សម័យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានហ្វេសប៊ុកផ្ទាល់ខ្លួនប្រើអាចធ្វើការទំនាក់ទំនងជាមួយសាធារណជនបានដោយចំហ និងសេរី អ្វីៗមិនអាចចេះតែលាក់បាំងឬបំភ្លៃបំផ្លើសបានស្រេចនឹងចិត្តឡើយ យូរ និងឆាប់ ការពិតនឹងលាតត្រដាងចេញមកជាមិនខាន។
ដូច្នេះ៖ បើមិនចង់អោយមានបញ្ហាដល់ជាប់គុក ជាប់ច្រវ៉ាក់ អស់បុណ្យ អស់ស័ក្ដិដោយសារតែទង្វើរបស់ខ្លួនប្រព្រឹត្ត អាងអំណាច អាងលុយ អាងបក្ខពួកតទៅទៀតទេ គេត្រូវតែនាំគ្នាបញ្ឈប់នូវការប្រព្រឹត្តបទល្មើស ការរំលោភអំណាចរដ្ឋរបស់ខ្លួនជាបន្ទាន់៕
ដោយ ៖ នាយខ្វែក