(ភ្នំពេញ)៖ «ម្ចាស់កេរ» ជាវីដេអូចងក្រងរបស់គ្រូព្រឹទ្ធាចារ្យ និងជាម្ចាស់សាលាប្រដាល់គុនខ្មែរបុរាណឈ្មោះ តាឡីដំរីមានឫទ្ធិ។
វីដេអូនេះ ធ្វើឡើងដើម្បីជាឯកសារលម្អិត អំពីប្រដាល់គុនខ្មែរបុរាណ ដែលឈរលើចំណុចគោល៣ ដូចជា ប្រវត្តិប្រដាល់គុនខ្មែរបុរាណ ឆន្ទៈ និងនិរន្តភាពឈ្មោះជាម្ចាស់កេរ។ ប្រជាពលរដ្ឋមួយចំនួន បានស្គាល់ពីទម្រង់នៃក្បាច់គុនបុរាណខ្មែរ តែមិនប្រាកដថាពួកគាត់ បានដឹងប្រវត្តិក្បាច់គុនដ៏ចំណាស់នេះទេ។
ជាក់ស្តែង ក្បាច់គុនបុរាណខ្មែរ កើតឡើងនៅចន្លោះឆ្នាំ១១៧៧ និង១១៨១ ដែលក្បាច់គុននេះ មានឈ្មោះថា អាត្មាយុទ្ធ គឺមានន័យថា ជាក្បាច់គុនប្រយុទ្ធតទល់ម្នាក់ទល់នឹងម្នាក់ ហើយក្បាច់គុននេះ បង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដែលមានភស្តុតាង ជាក់ស្តែងតាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត។
ដោយឡែកខ្លឹមសារក្នុងវីដេអូ «ម្ចាស់កេរ» ចងក្រងឡើងក្នុងគោលបំណង ចង់បង្ហាញដល់ជំនាន់ក្រោយឲ្យស្គាល់ច្បាស់អំពី ភាពអស្ចារ្យនៃក្បាច់ប្រដាល់គុនខ្មែរ ដែលពិសេសជាងក្បាច់គុនដទៃ ដោយសំណុំបែបបទ សិល្បៈក្បាច់គុននេះ ប្រែគ្រប់ផ្នែកទាំងអស់ នៃរាងកាយឲ្យក្លាយអាវុធ និងអាចយកជិវិតគូសត្រូវត្រឹម២-៣ក្បាច់។
នៅពេលជាតិសាសន៍ដទៃ ស្ងើចសរសើរពីអ្វីដែលយើងមាន នោះហើយជាមោទនភាពរបស់ប្រទេស និងប្រជាជនខ្មែរគ្រប់រូបក្នុងនាមជាម្ចាស់។ មោទនភាពជារឿងមួយ តែអ្វីដែលយើងត្រូវប្រកាន់ខ្ជាប់នោះគឺ ឆន្ទៈក្នុងនាមជាម្ចាស់កេរ្តិ៍ដំណែល ដែលយើងមានតួនាទី ក្នុងការបង្ហាញតាមក្បួនក្រិតក្រមជាក់លាក់ ហើយអ្វីដែលចាំបាច់នោះ គឺត្រូវរក្សាឲ្យបានគង់វង្សទៅជំនាន់បន្ត៕
សូមទស្សនាសេចក្តីលម្អិត តាមរយៈវីដេអូខាងក្រោម៖