(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នមានស្ដ្រី នៅតាមពន្ធនាគារ ប្រហាក់ប្រហែលជិត៨០ភាគរយ បានជាប់ទោសដោយសារតែបទល្មើសគ្រឿងញៀន។
ការបញ្ជាក់យ៉ាងដូច្នេះ របស់លោកស្រី អ៊ឹង កន្ថាផាវី បានធ្វើឡើងក្នុងសន្និបាត បូកសរុបការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩-២០២០ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។
លោកស្រី អ៊ឹង កន្ថាផាវី បញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាសំខាន់ដែលស្ដ្រី ជាប់ទោសបច្ចុប្បន្ន នៅតាមគុក បើយើងនិយាយទៅយើងមិនទាន់បានធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់នោះទេ ប៉ុន្ដែឃើញថា បើយើងចូលទៅមើល ស្ថានភាពស្ដ្រីនៅតាមគុក ប្រហាក់ប្រហែលជិត៨០ភាគរយ ជាប់ទោសដោយបទល្មើសគ្រឿងញៀន»។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា «នេះជាបញ្ហាថ្មី ដែលយើងត្រូវតែរកមធ្យោបាយ ដើម្បីកាត់បន្ថយ បើយើងនិយាយអំពីការលុបបំបាត់ទាំងអស់ មិនអាចនោះទេ ប៉ុន្ដែយ៉ាងតិចណាស់ ត្រូវតែចូលរួមកាត់បន្ថយ ទៅតាមរយៈការអប់រំ ជាពិសេសមធ្យោបាយបង្ការ»។
ក្នុងឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី ក៏បានលើកឡើងថា សង្គ្រាមនៅកម្ពុជា ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់ទុកនូវភាពក្រីក្រ និងសោកនាដកម្មជាច្រើន រាប់មិនអស់មកលើប្រជាជនកម្ពុជា ជាពិសេសស្ត្រី ក៏ដូចជាកុមារ រហូតមកដល់សព្វថ្ងៃនេះ ក្នុងនោះ រួមទាំងផលវិភាគនានា នៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរផងដែរ។
លោកស្រីបន្ដថា ការមកដល់នូវសកលភាវូបនីយកម្ម ក៏បាននាំមកឲ្យប្រទេសជាតិ នូវការរីកចម្រើន និងបញ្ហាប្រឈមជាច្រើនទៀត ដែលរួមមានជាអាទិ៍៖
* ការប្រកួតប្រជែងរកការងារធ្វើ
* ការឈ្លក់វង្វេងគ្រឿងញៀន ជាតិស្រវឹង ភាពជាមនុស្សទំនើង
* ការផ្សព្វផ្សាយរូបភាពអាសអាភាស តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលបង្កឡើងនូវការរំលោភបំពាន
* ការកេងប្រវ័ញ្ចគ្រប់ប្រភេទ អំពើហិង្សា
* ការជួញដូរមនុស្ស
* ការប្រព្រឹត្តអំពើអនាចារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត សណ្តាប់ធ្នាប់សង្គម និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ។
លោកស្រីរដ្ឋមន្ដ្រី បន្ដទៀតថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងការលុបបំបាត់នូវភាពអសកម្មទាំងឡាយក្នុងសង្គម គឺជាការងារអប់រំសង្គម ដែលមានភាពលំបាក ស្មុគស្មាញ ហើយការងារនេះ មិនអាចអនុវត្តន៍ដោយក្រសួង ឬស្ថាប័នណាមួយ ដោយឡែកបានទេ។
«មានន័យថា យើងត្រូវការ ឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ទាំងស្ថាប័ននីតិបញ្ញតិ្ត នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ផ្នែកឯកជន ក៏ដូចជាប្រជាជនគ្រប់រូប»។ នេះជាការបញ្ជាក់ របស់លោកស្រី អ៊ឹង កន្ថាផាវី។
លោកស្រី បានបញ្ជាក់ថា ជាមួយនេះដែរ ការងារសីលធម៌សង្គម គឺជាការងារដែលពាក់ព័ន្ធ ដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់ប្រជាជន និងជាការងារមួយ ដែលមិនអាចធ្វើដោយតក់ក្រហល់ ហើយសម្រេចបានជោគជ័យ នៅក្នុងរយៈពេលខ្លីបានឡើយ។
លោកស្រីថា ការងារនេះ ទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់សង្គម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់មជ្ឈដ្ឋាននៅគ្រប់កម្រិត ដោយបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលជាកត្តារួមចំណែកធ្វើឱ្យមានសមធម៌ បរិយាប័ន្ន សុខុមាលភាពគ្រួសារ និងសង្គម៕